Banner KNP Detail Top

ជីកសិកម្ម និង ថ្នាំសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ

ជីកសិកម្ម និង ថ្នាំសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញទុច្ចរិតបន្លំនាំចូលពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត

ខេត្តបាត់ដំបង ៖ តំណាងក្រុមហ៊ុន«ចារើន ផ្លេន ថេ សិន ខូអិលធីឌី» លោក កៅ ស៊ីណា បានឲ្យដឹងតាមរយៈពាក្យបណ្ដឹងថា ក្រុមហ៊ុនរបស់លោកបាននាំចូលជី ស៊ី ភី និងពូជពោតក្រហម ស៊ី ភី ពីប្រទេសថៃ ដែលបានចុះបញ្ជីការ និង មានអាជ្ញាប័ណ្ណ ស្របច្បាប់ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ។ ប៉ុន្តែត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសថៃ តាមបណ្ដាច្រកព្រំដែននានា ក្នុងខេត្តបាត់ដំបង យកមកលក់ចែកចាយលើទីផ្សារនានានៅក្នុងស្រុក។
ជីកសិកម្ម និង ថ្នាំសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញទុច្ចរិតបន្លំនាំចូលពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត តាមបណ្ដាច្រកទ្វារព្រំដែននានា នៅក្នុងខេត្តបាត់ដំបង យកមកលក់ចែកចាយពាសពេញលើទីផ្សារ ដែលជាការរំលោភបំពានលើក្រុមហ៊ុនក្នុងស្រុក ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ខណៈការទប់ស្កាត់ឬការចុះបង្ក្រាបរបស់មន្ត្រីជំនាញកសិកម្ម ហាក់គ្មានប្រសិទ្ធភាព។ នេះបើតាមការលើកឡើងពីតំណាងក្រុមហ៊ុននានា ដែលផលិត និង នាំចូលជីស្របច្បាប់នៅក្នុងស្រុក។


បើយោងលើពាក្យបណ្ដឹង លោក កៅ ស៊ីណា ដែលតំណាងឲ្យក្រុមហ៊ុននាំចូលជី និង ពូជពោត «ស៊ី ភី» នេះបានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៏ពីមន្ទីរកសិកម្មខេត្ត តាំងពីថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២៣ មកម្លេះ ក្នុងអំឡុងពេលដែលពួកឈ្មួញទុច្ចរិត កំពុងសម្រុកនាំចូលជី ស៊ី ភី នេះពីប្រទេសថៃ ខ្លាំងបំផុតតាមបណ្ដាច្រកព្រំដែននានា។ ជាពិសេសច្រកទ្វារតំបន់«អូរអន្លក់» ក្នុងស្រុកភ្នំព្រឹក ដែលគេតាមដានរកឃើញថា មានសកម្មភាពបន្លំនាំចូលខ្លាំងជាងគេស្ទើរគ្រប់រូបភាព បើទោះជាមន្ត្រីជំនាញកសិកម្ម បានចុះទប់ស្កាត់ ឬ ចុះបង្ក្រាបជាបន្តបន្ទាប់ក្ដី ក៏ហាក់ដូចជាពុំមានប្រសិទ្ធភាពដែរ។
បើតាមក្រុមហ៊ុននេះ ជី ស៊ី ភី ត្រូវបាននាំចូលពីប្រទេសថៃ ដែលមានការវិចខ្ចប់ ឬ ច្រកជាការរ៉ុង មានឡូហ្គោរ ឬ ស្លាកសញ្ញា និង មានប្រកប្រែជាភាសារខ្មែរ ត្រិមត្រូវតាមច្បាប់អនុញាតពីក្រសួងកសិកម្ម។ ប៉ុន្តែជាងមួយឆ្នាំកន្លងទៅនេះ ត្រួវបានពួកឈ្មួញទុច្ចរិតលួចបន្លំនាំចូល ជី ស៊ី ភី របស់ក្រុមនេះដោយខុសច្បាប់ ដែលមិនបានបកប្រែជាភាសារខ្មែរទេ និង មានរូបសញ្ញាដូចគ្នានៅលើសម្បកការ៉ុងទៀត។ ជីនេះត្រូវពួកឈ្មួញបន្លំនាំចូល តាមរយៈការដឹកជញ្ជូនជាចំហរផង និង លួចលាក់តាមរូបភាពកញ្ឆក់កណ្ដៀតផង ចូលតាមបណ្ដាច្រកទ្វារព្រំដែននានា ដែលគេសង្ស័យថា អាចមានការឃុមឃិតពីឆ្មាំទ្វារព្រំដែនផង។
ពាក់ព័ន្ធនឹងបណ្ដឹងរបស់តំណាងក្រុមហ៊ុន ដែលស្នើសុំអន្តរាគមន៏ពីមន្ទីរកសិកម្ម លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់អំពីរឿងនេះ តាមទូរស័ព្ទនៅថ្ងៃទី ១២ កុម្ភៈ ដោយលោកបានទទូលស្គាល់ថា ពិតជាមានការលួចបន្លំនាំចូល ជី ស៊ី ភី ដោយខុសច្បាប់ពីប្រទេសថៃ តាមច្រកទ្វារព្រំដែននានាមែន។
លោកបាននិយាយប្រាប់លើសពីនេះថា «មិនត្រិមតែលួចនាំចូលជី ស៊ី ភី មួយមុខប៉ុណ្ណោះទេ ពួកឈ្មួញថែមទាំងលួចនាំចូលនូវថ្នាំសម្រាប់ដំណាំកសិកម្មនានា ស្ទើរគ្រប់ប្រភេទដោយខុសច្បាប់ផងដែរ»។
លោក ឈឹម វជិរា បានលើកឡើងថា លោកតែងទទូលនូវបណ្ដឹងពីក្រុមហ៊ុននានា ដើម្បីសុំជួយអន្តរាគមន៏ទប់ស្កាត់ ឬ បង្ក្រាបក្រុមឈ្មួញលួចនាំចូលជីកសិកម្ម ឬ ថ្នាំកសិកម្មផ្សេងៗ ដែលពួកឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយមន្ត្រីជំនាញ តែងចុះសហការជាមួយម្ចាស់បណ្ដឹងជាបន្តបន្ទាប់ ដើម្បីតាមចាប់យកវត្ថុតាង។ ពេលខ្លះយើងបង្ក្រាបបានពេលដឹកតាមផ្លូវ ពេលខ្លះយើងរឹបអូសបានពីក្នុងឃ្លាំងដែលពួកឈ្មួញលាក់ទុក តែយើងក៏ជួបការលំបាកច្រើនដែរ។ លោក ប្រធានមន្ទីរជំនាញរូបនេះ បានបង្ហាញពីផលលំបាកខ្លះៗថា យើងជួបការលំបាក ដោយសារតែយើងពុំមានមន្ត្រីជំនាញប្រចាំតាមបណ្ដាច្រកព្រំដែននានា ដើម្បីត្រូតពិនិត្យទំនិញលួចលាក់ទាំងនេះ។
យោងតាមការចូលរួមសហការជាមួយម្ចាស់ក្រុមហ៊ុន តាមបង្ក្រាបទំនិញខុសច្បាប់ទាំងនេះ ពេលពួកគេនាំចេញផុតពីតំបន់ច្រក់ព្រំដែនតែប៉ុណ្ណោះ។ ដូច្នេះយើងរំពឹងតែទៅលើខាងក្រុមហ៊ុនតែប៉ុណ្ណោះ ដែលបានតាមដានសកម្មភាពក្រុមឈ្មួញលួចនាំចូលជី ឬ ផលិតផលកសិកម្មខុសច្បាប់ផ្សេងៗ តាមច្រកព្រំដែននានា ហើយរាយការណ៏មកកាន់មន្ទីរកសិកម្ម លោកនឹងបញ្ជាឲ្យមន្ត្រីជំនាញចុះសហការជាមួយក្រុមហ៊ុន ដើម្បីបង្ក្រាបភ្លាមៗតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង