Banner KNP Detail Top

អ្នកនាង ខាត់ សុឃីម យល់ព្រមឈរឈ្មោះធ្វើការបោះឆ្នោត ធ្វើជាប្រធានសមាគម សម្រាប់អាណត្តិថ្មី

អ្នកនាង ខាត់ សុឃីម យល់ព្រមឈរឈ្មោះធ្វើការបោះឆ្នោត ធ្វើជាប្រធានសមាគម សម្រាប់អាណត្តិថ្មី

ភ្នំពេញ ៖ នាពេលថ្មីៗនេះ គេសង្គេតឃើញនៅលើបណ្ដាញទំនាក់ទំនងសង្គម មានបងប្អូនសិល្បករជាច្រើននាក់ បានបង្ហោះរូបភាព អមដោយខ្លឹមសារគាំទ្រ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ឲ្យឈរឈ្មោះធ្វើការបោះឆ្នោត ធ្វើជាប្រធានសមាគម សម្រាប់អាណត្តិថ្មី នៅក្នុងឆ្នាំ២០២៤នេះ ។
តាមការបង្ហោះសាររបស់អ្នកនាង ខាត់ សុឃីម នៅយប់ថ្ងៃទី១៦ កុម្ភៈនេះថា «សូមថ្លែងអំណរ អរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនមិត្តសិល្បៈ បងប្អូនទស្សនិកជន បណ្តាសារព័ត៌មានទាំងអស់ បង្ហោះសារគាំទ្រនាងខ្ញុំ ជាការលើកទឹកចិត្តដ៏ល្អរបស់បងប្អូន ហើយ នាងខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលប្អូនៗរបស់ខ្ញុំ ក៏ដូចជាទស្សនិកជន បានគាំទ្រនាងខ្ញុំផងដែរ ។ រឿងឈរឈ្មោះ ជាប្រធានសមាគមសិល្បករខ្មែរ នាងខ្ញុំមិនបានដឹង រឺត្រៀមទុកមុន ធ្វើនោះទេ ប៉ុន្តែបើមានការគាំទ្រ នឹងទុកចិត្តពីបងប្អូនសិល្បករ ទស្សនិកជន នាងខ្ញុំនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ ។ ដោយក្តីគោរពពីនាងខ្ញុំ ខាត់ សុឃីម» ។


ជាមួយគ្នានេះ មានការចែករំលែកបន្តបន្ទាប់ ដោយគាំទ្រឲ្យតារាពហុជំនាញ ខាត់ សុឃីម ធ្វើជាប្រធានសមាគមថ្មីនេះ ក្រោមហេតុផលថា អ្នកនាង ខាត់ សុឃីម ស្រឡាញ់រាប់អានស្មើៗគ្នាមិនលំអៀង។ មិនខុសពីគេ មានចិត្តអភិរក្ស និងអភិវឌ្ឍន៍សិល្បៈ វប្បធម៌ខ្មែរ យ៉ាងពិតប្រាកដ។ សមត្ថភាព បទពិសោធន៍ច្រើនឆ្នាំ ទៅលើជំនាញសិល្បៈ ច្រើនទម្រង់ ។ល។
ជុំវិញការគាំទ្រឲ្យអ្នកនាង ខាត់ សុឃីម ឈរឈ្មោះនេះ បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា ក្នុងនាមសមាគមសិល្បករខ្មែរ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និងបងប្អូនសិល្បករ-សិល្បការិនី ក៏ដូចជាសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្ដង ។ សម្រាប់អាណត្តិនាងខ្ញុំចាប់ផ្ដើមពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានរយៈពេលជាង៦ឆ្នាំហើយ ។ នោះក៏ព្រោះតែឆ្នាំទី៥ ដែលត្រូវបោះឆ្នោត គឺជាពេលវេលាកំពុងមានវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការជួបជុំឡើយ ទើបថ្នាក់ដឹកនាំរបស់សមាគមសម្រេចពន្យារពេលបោះឆ្នោតអាណត្តិថ្មី រហូតមកដល់បច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង