Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីសម្លាប់ជនជាតិទួរគី បានហើយ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីសម្លាប់ជនជាតិទួរគី បានហើយ

ភ្នំពេញ ៖ កាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីសម្លាប់ជនជាតិទួរគី បានហើយ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ការឃាត់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណី ហិង្សា ដោយចេតនា (វាយ សម្លាប់ ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនសង្ស័យដែលឃាត់ខ្លួនទាំង០៦នាក់ ទី១.ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣. ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និង៦.ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីវាយសម្លាប់ជនជាតិទួរគី ម្នាក់នៅចំណុចក្បែរផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។
មុនពេលកើតហេតុដោយបុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសជនបរទេស(ជនរងគ្រោះ) បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល បន្ទាប់មកពុំដឹងថាបុរសជនបរទេសរូបនោះ មានរឿងនឹងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើល និងសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញួរវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញួរឲ្យរបួស ក្រោយមកទៀត ធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល។
ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង