Banner KNP Detail Top

ផ្លាកលេខខេមរភូមិន្ទ (ខម) បានអនុញ្ញាតឲ្យតែនាយទាហាន ដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ

ផ្លាកលេខខេមរភូមិន្ទ (ខម) បានអនុញ្ញាតឲ្យតែនាយទាហាន ដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ របស់ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ បានលើកឡើងថា យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញផ្លាក លេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសម ជាមន្ត្រីយោធា ធ្វើឱ្យមានការវា.យតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។
ក្រសួងការពារបានបញ្ជាក់ថា «ការប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។
ក្នុងករណីដែលអនុវត្ត ការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន» ។
ជាមួយគ្នានោះដែរ ក្រសួងបានស្នើឲ្យបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្ដាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង