Banner KNP Detail Top

រថយន្តដឹកទឹក១គ្រឿងមានទឹកពេញស៊ីទែន បើកលឿនសុខៗ ស្រាប់តែ

រថយន្តដឹកទឹក១គ្រឿងមានទឹកពេញស៊ីទែន បើកលឿនសុខៗ ស្រាប់តែរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ រួចក៏ក្រឡាប់ភីងសង្កត់លើម៉ូតូ១គ្រឿងខ្ទេច

ភ្នំពេញ ៖ កាលពី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តដឹកទឹក១គ្រឿងពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង និងបើកក្នុងល្បឿនលឿនគួរសមដែរ ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់រេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ ក្រឡាប់សង្កត់លើម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1E-5296 ។ ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតផងដែរថា ម៉ូតូនោះជិះគ្នា២នាក់ ដែលបើកបរដោយបុរសម្នាក់ ឌុបស្ត្រីម្នាក់ទៀតពីក្រោយ ។ ប៉ុន្តែពុំដឹងថា តើអ្នកទាំង២នាក់នេះ គឺជាប្ដីប្រពន្ធនឹងគ្នា ឬបុរសនោះជាអ្នករត់ឌុប ហើយស្ត្រីនោះ គឺជាភ្ញៀវដែលជាអ្នកជិះម៉ូតូឌុបឡើយ ។ ម៉ូតូនេះបានបើកបរធ្វើដំណើរក្នុងទិដៅបញ្ច្រាស់ទិសដៅចរាចរណ៍ ដោយបើកសរសៀរៗក្បែរចិញ្ចើមផ្លូវពីជើងទៅត្បូង ។


ប្រភពដដែលបានប្រាប់ឲ្យដឹងថា ខណៈនោះអ្នកជិះម៉ូតូប្រុសស្រី២នាក់នេះ បានខ្ទាតចេញផុតទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ខណៈម៉ូតូបានរងការខូចខាតខ្ទេចប្រើការលែងកើតទៅហើយ ។ ព្រោះប្រសិនបើពួកគាត់មិនខ្ទាតចេញ ប្រាកដជាត្រូវរថយន្តសង្កត់ស្លា.ប់ ឬ រងរបួសធ្ងន់ទាំង២នាក់មិនខានឡើយ ។
ដោយឡែបុរស ដែលជាអ្នកបើកបររថយន្តបាននិយាយថា ខណៈកំពុងបើកបរសខៗស្រាប់តែរថយន្តរបស់គាត់ទាញចង្កូតទៅខាងស្ដាំ ហើយដោយខ្លាចបុករបងរោងចក្រគាត់បានកាច់ចង្កូតត្រឡប់មកវិញក៏ក្រឡាប់បែបនេះតែម្ដង ។ នគរបាលខណ្ឌកំបូលបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង