Banner KNP Detail Top

លោក ប៊ុន ហ៊ាន ចុះពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្រ្ត ប្រឡាយរងបេតុងទី១ ណាំតៅ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ

លោក ប៊ុន ហ៊ាន ចុះពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្រ្ត ប្រឡាយរងបេតុងទី១ ណាំតៅ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារអង្គភាព សហការជាមួយលោក ប៉ុល សារ៉េន អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ត្រីបច្ចេកទេស និងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយរងបេតុងទី១ ណាំតៅ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រនេះបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៥ អនុវត្តដោយក្រុមហ៊ុនក្វាងតុងហ្វរ៉េននិងក្វាងតុងយេនធាន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនវ៉ាន់អាន និងប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ប្រឡាយរងបេតុងទី១ណាំតៅ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៣១០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៥០០ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន។

លោក រដ្ឋលេខាធិការបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រឡាយរងបេតុងទី១ ណាំតៅ បានទទួលគម្រោងថែទាំខួបលើហេដ្ឋារចនាសម្ព័ន្ធ ដោយបានជួសជុលជើងទេរប្រឡាយរងបេតុងប្រវែង ១៦៥ម៉ែត្រ ជួសជុលសំណង់បង្ហៀរចំនួន ៧កន្លែង ប្រវែង ៣០០ម៉ែត្រ ជួសជុលសំណង់ស្ពានលើប្រឡាយចំនួន ៣កន្លែង និងជួសជុលសំណង់លូចំនួន ៧កន្លែង អនុវត្តដោយនាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការបានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹកឱ្យចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធឱ្យមាននិរន្តរភាពសម្រាប់ការងារស្រោចស្រពជូនប្រជាពលរដ្ឋបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង