Banner KNP Detail Top

ចេញដីកាបង្គាប់តាមចាប់ខ្លូន ថៅកែដីឡូតិ៍២នាក់ប្តីប្រពន្ធ ករណីប្រជាពលរដ្ឋជាច្រើននាក់ប្តឹង

ចេញដីកាបង្គាប់តាមចាប់ខ្លូន ថៅកែដីឡូតិ៍២នាក់ប្តីប្រពន្ធ ករណីប្រជាពលរដ្ឋជាច្រើននាក់ប្តឹង រឿងទិញដី តែអត់មានដីឲ្យអតិថិជននៅក្រុងឧដុង្គម៉ែជ័យ

(ភ្នំពេញ)៖ បើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ រួមមានប្តីមានឈ្មោះ ហួ ហួត អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះ សេង ចរិយា អាយុ៣៦ឆ្នាំ។ ២នាក់ប្តីប្រពន្ធ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច។
លោក គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន២នាក់ប្តីប្រពន្ធ ដែលរកស៊ីលក់ដីឡូតិ៍នៅភូមិត្រពាំងប្រិយ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោយមានប្រជាពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យបណ្តឹងដោយចោទថាពួកគេបានស្វែងលក់ជូនអតិថិជនឲ្យទិញដីឡូតិ៍ ដោយមានការបង់រំលោះជាបន្តបន្ទាប់ ប៉ុន្តែទីបំផុតម្ចាស់គម្រោងដីឡូតិ៍ ទាំង២នាក់ប្តីប្រពន្ធ មិនមានដីឲ្យពលរដ្ឋនោះឡើយ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងរបស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជនរងគ្រោះដែលបានចាញ់បោកគម្រោងដីឡូតិ៍នេះ រួមមាន៖ ឈ្មោះ សុខ ពិសិត, ឈ្មោះ លី សុភ័ណ្ឌ, ឈ្មោះ ភឿន សុភន, ឈ្មោះ កែវ សុខណា, ឈ្មោះ សម ឃឿន, ឈ្មោះ ប៊ុន សាភ័ស, ឈ្មោះ ទិ មករា, ឈ្មោះ មាឃ ឃុំ, ឈ្មោះ ភឹម ដារ៉ូ, ឈ្មោះ អាន សុចិត្រ, ឈ្មោះ ភឹម ជុំសំអាត។


តាមការបញ្ជាក់របស់តំណាងអយ្យការ បានឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ហួ ហូត និងប្រពន្ធ សេង ចរិយា ជាម្ចាស់គម្រោងពុះដីឡូតិ៍ បានប្រគល់សិទ្ធិឲ្យទៅដើមបណ្តឹងជួយសម្រប សម្រួលក្នុងការលក់ដីឡូតិ៍ជូនអតិថិជន (ស្វែងរកអតិថិជនទិញដី) ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលេខ១៤៤០ ភូមិត្រពាំងប្រិយ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមកិច្ចព្រមព្រៀងសហការ និងទទួលសិទ្ធិលក់ និងកិច្ចសន្យាទទួលគម្រោងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
ក្រោយពីបានចុះកិច្ចសន្យារួចហើយ ដើមបណ្តឹងទាំងអស់ បានទៅទំនាក់ទំនងជាមួយអតិថិជនជាច្រើននាក់ ហើយពួកគេក៏បានយល់ព្រមទិញដីឡូតិ៍របស់ជនសង្ស័យឈ្មោះ ហួ ហូត និងជនសង្ស័យឈ្មោះ សេង ចរិយា ដោយអ្នកខ្លះបានបង់ប្រាក់ខ្លះ ទិញដីគ្រប់ចំនួន ខ្លះទៀតបង់ ៥០% និងខ្លះទៀតបង់៧០% រួចមកដើមបណ្តឹងក៏បានប្រគល់ប្រាក់ដែលទទួលពីអតិថិជនឲ្យទៅជនសង្ស័យឈ្មោះ ហួ ហួត និងជនសង្ស័យឈ្មោះ សេង ចរិយា តាមដំណាក់កាលនីមួយៗរួចរាល់អស់ហើយ។
ប៉ុន្តែរហូតមកដល់ពេលនេះ ជនសង្ស័យខាងលើពុំបានផ្ទេរកម្មសិទ្ធិដី (ធ្វើប្លង់រឹង) ឲ្យទៅអតិថិជន ដែលបានទិញដីទាំងអស់នោះទេ ថែមទាំងអូសបន្លាយពេលរហូត។ ក្រោយមកទើបដើមបណ្តឹងដឹងថាដីឡូតិ៍ ដែលជនសង្ស័យ ខាងលើបានលក់ឲ្យទៅអតិថិជននោះ គឺមានអ្នកផ្សេងចូលទៅកាន់កាប់លើទីតាំងដី និងដីខ្លះទៀតត្រូវបាន ម្ចាស់ដីដើមចូលមកកាន់កាប់ហើយ ដោយសារតែជនសង្ស័យខាងលើមិនបានឲ្យប្រាក់ថ្លៃដីទៅគេ ហើយដីទាំង អស់នេះត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីការក្សាការពារហាមឃាត់មិនឲ្យឈ្មោះ ហួ ហួត និងឈ្មោះ សេង ចរិយា ធ្វើការលក់ដូរ ជួល ផ្ទេរកម្មសិទ្ធិ ធ្វើអំណោយ ដាក់បញ្ជាំ ដាក់ប្រាតិភោគ ដាក់ហ៊ីប៉ូតែក ធ្វើអច្ច័យទាន ធ្វើ សកម្មភាព និងសិទ្ធផ្សេងៗ ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង