Banner KNP Detail Top

កម្មករ កម្មការិនីរោងចក្រសម្លៀកបំពាក់ក្មេង វ៉ា យ & ដាប់បែលយូ ហ្គាមេន (Y & W) បន្តបិទផ្លូវទៀត

កម្មករ កម្មការិនីរោងចក្រសម្លៀកបំពាក់ក្មេង វ៉ា យ & ដាប់បែលយូ ហ្គាមេន (Y & W) បន្តបិទផ្លូវទៀត និងទាមទារឱ្យក្រសួងការងារ យកប្រាក់ទៅបើកនៅរោងចក្រ

ភ្នំពេញ ៖ ក្រុមកម្មករបានបដិសេធ មិនព្រមទៅបើកប្រាក់នៅសាលាខណ្ឌដង្កោ ពួកគាត់បានទាមទារឱ្យក្រសួងការងារនាំយកប្រាក់ទៅបើកឱ្យពួកគាត់ដល់រោងចក្រនោះវិញ ព្រមទាំងបានលើកឡើងថា សាលាខណ្ឌដង្កោ មានទីធ្លាតូចមិនអាចដាក់កម្មករជាង៤ពាន់នាក់បានឡើយ។
កម្មករ កម្មការិនីរោងចក្រសម្លៀកបំពាក់ក្មេង វ៉ា យ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មបិទផ្លូវជាថ្មីទៀត ចំណែកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់មេក្រូអំពាវនាវឱ្យកម្មករស្ងៀមស្ងាត់ និងទៅបើកប្រាក់ខែនិងប្រាក់អតីតភាពការងារនៅសាលាខណ្ឌដង្កោ។

សកម្មភាពបិទផ្លូវនេះបានធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ នៅចំណុចផ្លូវវបំបែកជាបួនប្រសព្វ រវាងផ្លូវលេខ២១៧ និងផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សូមរម្លឹកថា កម្មករបានធ្វើបាតុកម្មបិទផ្លូវច្រើនលើកមកហើយ បន្ទាប់ពីថៅកែរត់ចោល ហើយរោងចក្របានបិទទ្វារឈប់ដំណើរការ ដោយពុំបានជូនដំណឹងជាមុននិងពុំបានបើកប្រាក់ខែចុងក្រោយព្រមទាំងប្រាក់អតីតភាពការងារជូនពួកគាត់នៅឡើយ។ ក្រុមកម្មករទាមទារបើកប្រាក់ខែចុងក្រោយនិងប្រាក់អតីតភាពការងារ ព្រមទាំងលក្ខខណ្ឌផ្សងទៀត ហើយក្រោយកម្មករផ្ទុះការតវ៉ាបែបនេះ ខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការសម្របសម្រួលនិងដោះស្រាយជូនកម្មករ ពុំបានព្រងើយកន្តើយចំពោះរឿងនេះទេ ។
ក្រសួងក៏បានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ស្ដីពីចំណាត់ការផ្សេងៗ និងអំពាវនាវសុំឱ្យកម្មកររក្សាការស្ងៀមស្ងាត់ ហើយលើកចុងក្រោយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខណៈដែលកម្មករ កំពុងធ្វើបាតុកម្មបិទផ្លូវនោះ ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ចេញសេចក្ដីជូនដំណឹងដល់កម្មករឱ្យទៅបើកប្រាក់ខែចុងក្រោយនិងប្រាក់អតីតភាពការងារ នៅសាលាខណ្ឌដង្កោនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខតទៅ។


កម្មករមិនបានយល់ព្រមបញ្ឈប់ការបិទផ្លូវតវ៉ាឡើយ ទោះបីជាជួកគាត់ទទួលបានការជូនដំណឹងនេះ និងមានមន្ត្រីក្រសួងការងារ ព្រមទាំងអាជ្ញារនិងសមត្ថកិច្ច ខណ្ឌដង្កោ ចុះទៅធ្វើការសម្របសម្រួលឱ្យបើកផ្លូវវិញយ៉ាងណាក្ដី ក៏ពួកគាត់បានធ្វើការបិទផ្លូវតាំងពីព្រឹករហូតដល់យប់តែម្ដង។កម្មករបាននិយាយថា ពួកគាត់មិនយល់ព្រមទៅបើកប្រាក់នៅសាលាខណ្ឌដង្កោនោះទេ ព្រោះអីសាលាខណ្ឌដង្កោមានទីធ្លាតូចមិនអាចដាក់កម្មករជាង៤ពាន់នាក់បានឡើយ ។ ដូច្នេះសូមឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកប្រាក់ទៅបើកឱ្យពួកគាត់ដល់រោងចក្រY$W ទើបពួកគាត់យល់ព្រម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កំណាត់ផ្លូវលេខ២១៧ និងផ្លូវ៥០ម៉ែត្រត្រូវបានកាត់ផ្ដាច់ទាំងស្រុង មិនអាចធ្វើចរាចរឆ្លងកាត់ត្រង់ចំណុចភ្លើងស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោបានឡើយ ដោយយានយន្តគ្រប់ប្រភេទត្រូវបានបង្វែរឱ្យធ្វើចរាចរវាងតាមផ្លូវផ្សេងវិញ ព្រោះកម្មករបានបិទផ្លូវត្រង់ចំណុចនោះជិត ស្ទើរតែស្រមោច១ក្បាលក៏មិនអាចវារកាត់រួចផង ដោយឡែកនៅវេលាព្រឹកថ្ងៃទី២១ ខែមីនា កម្មករបានបន្តបិទផ្លូវត្រង់ចំណុចនេះទៀត។ ដោយក្រុមបាតុករខាងលើបាននិយាយថា ថ្ងៃនេះក៏មិនខុសពីថ្ងៃម្សិលមិញដែរ ប្រសិនបើការសម្របសម្រួលនៅតែមិនត្រូវទៀតនោះ ពួកគាត់និងបិទផ្លូវរហូតដល់យប់ទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង