សម្តេច ហ៊ុន សែន ៖ ព្រមានប្ដឹងទៅគណបក្សមួយ ដែលចេញសេចក្ដីថ្លែងការណ៍បន្ទោថា គណបក្សកាន់អំណាច គំរាមកំហែងខ្លួន
សម្តេច ហ៊ុន សែន ៖ ព្រមានប្ដឹងទៅគណបក្សមួយ ដែលចេញសេចក្ដីថ្លែងការណ៍បន្ទោថា គណបក្សកាន់អំណាច គំរាមកំហែងខ្លួន
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានផ្ដាំផ្ញើជាមួយការព្រមាន ទៅអ្នកនយោបាយ កុំយករឿងអនុវត្តច្បាប់ ទៅភ្ជាប់នឹងរឿងនយោបាយ បន្តទៀត ហើយព្រមានប្ដឹងទៅគណបក្សមួយ ដែលចេញសេចក្ដីថ្លែងការណ៍បន្ទោថា គណបក្សកាន់អំណាចគំរាមកំហែងខ្លួន នៅថ្ងៃទី ១៩ ខែមករា ឆ្នំា២០២៣នេះ។
ទោះបីសម្តេចតេជោ មិនបានបញ្ជាក់អំពីឈ្មោះគណបក្ស ដែលបានចេញសេចក្តីថ្លែង ការណ៍ក៏ដោយ ក៏គេដឹងថា គណបក្សនោះ គឺគណបក្សភ្លើងទៀន។ សេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន ដែលបាននិយាយថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះ ថាជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំចង់ផ្ញើសារទៅអ្នកទាំងឡាយ កុំរឿងអី សុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសុំទទូច ដោយទទូចៗ អង្វរកផង តែក៏មាន វិធានការផ្លូវច្បាប់ ចំពោះអ្នកឯងដែរ។ អ្នកឯងអត់អាចចេញសេចក្ដីថ្លែងការណ៍បន្ទោសថា គណបក្ស កាន់អំណាច គំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្ដឹង និយាយគ្នាឲ្យច្បាស់ ជាមួយគ្នាអញ្ចឹងម៉ង»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា មាន អនុប្រធានគណបក្សមួយ ដែលត្រូវបាន ចាប់ខ្លួន និងឃុំខ្លួន ដោយសារតែចេញសែកស្អុយ វាជារឿងតុលាការ គេចាប់អ្នកឯង ដូច្នេះវាមិនមែនជារឿងស្អី ក៏ជារឿងនយោបាយ, នយោបាយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗ ទៅកាន់គណបក្សភ្លើងទៀនថា ត្រូវបញ្ឈប់ ការចេញសេចក្តីថ្លែងការណ៍ ដែលថាគណបក្សកាន់អំណាច ធ្វើការគំរាមកំហែង គៀបសង្កត់តទៅទៀត បើមិនអញ្ជឹងទេ គណបក្សប្រជាជន នឹងប្តឹងទៅតុលាការ មិនខាន។
សម្តេចតេជោ បានបន្តថា នឹងបញ្ចប់ពួកគេ តាមផ្លូវតុលាការទាំងអស់ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានខ្លាំងៗផងដែរ ឲ្យឈប់និយាយប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គណបក្សប្រជាជន ជាដាច់ខាត៕