Banner KNP Detail Top

ចោរឆក់ទូរស័ព្ទបានសម្រេច សមត្ថកិច្ច ដេញចាប់ឃាត់ខ្លួន

ចោរឆក់ទូរស័ព្ទបានសម្រេច សមត្ថកិច្ច ដេញចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលេខ២១៧(ច្រកចូលទីលានចាក់សំរាម) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៍ស មិនស្គាល់ស៊េរី មិនស្គាល់ស្លាកលេខ ធ្វេីដំណេីរម្នាក់ឯងតាមផ្លូវលេខ២១៧ ពីជើងមកត្បូង ដោយបានទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE X ដាក់ស្រោមពណ៌ផ្កាឈូក នៅហោប៉ៅម៉ូតូខាងស្តាំ ដល់ចំណុចច្រកចូលទីលានចាក់សំរាម ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យចំនួន០១នាក់ឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KP-៩៧១៥ ស្របទិសគ្នា ដោយជនសង្ស័យបានជិះអែបខាងស្តាំដៃម៉ូតូរបស់ជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនបត់ត្រឡប់ក្រោយក្នុងទិសដៅពីត្បូងមកជើង ។
បន្ទាប់មកជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ស្របពេលនោះសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវក្បែរកន្លែងកើតហេតុនោះក៏បានជួយធ្វើអន្តរាគមន៍ ដេញតាមពីក្រោយជនសង្ស័យរហូតដល់ត្រង់ចំណុចក្បែររបងវត្តឧត្តមមានជ័យព្រះបាទជាន់ឯក(វត្តជើងឯក)ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានទម្លាក់ទូរស័ព្ទដៃចោលនៅលើផ្លូវបេតុងហើយជនរងគ្រោះក៏បានឈប់ម៉ូតូរើសទូរស័ព្ទដៃរបស់ខ្លួនហើយជិះម៉ូតូចេញទៅវិញបាត់ទៅ ចំណែកជនសង្ស័យព្យាយាមជិះគេចខ្លួនបន្តទៀតបានប្រហែល១០០មែត្រ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង:១/ ម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KP-៩៧១៥ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។


ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចបានស្រាវជ្រាវរកជនរងគ្រោះ តែជនរងគ្រោះមិនបានមកធ្វើការបំភ្លឺ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច អំពីហេតុការណ៍ខាងលើឡើយ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកIPHONE X ដាក់ស្រោមពណ៌ផ្កាឈូក របស់ជនរងគ្រោះប្រាកដមែន ។ ជនសង្ស័យនេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង