Banner KNP Detail Top

ក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់ជ្រៅពេក អាចបង្កឲ្យបាក់ដីលំនៅឋាន និងដីស្រែរបស់ពួកគាត់ស្ថិតនៅភូមិតារាងបាល់ ក្នុងសង្កាត់គយត្របែក

ក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់ជ្រៅពេក អាចបង្កឲ្យបាក់ដីលំនៅឋាន និងដីស្រែរបស់ពួកគាត់ស្ថិតនៅភូមិតារាងបាល់ ក្នុងសង្កាត់គយត្របែក

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រមាណ៨គ្រួសារ សំណូមពរ ដល់អាជ្ញាធរក្រុងស្វាយរៀង មេត្តាចុះពិនិត្យមើល ដោយក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់ជ្រៅពេក អាចបង្កឲ្យបាក់ដីលំនៅឋាន និងដីស្រែរបស់ពួកគាត់ស្ថិតនៅភូមិតារាងបាល់ ក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង។
បើតាមលោក ក្រុមប្រឹក្សាសង្កាត់គយត្របែក បានឲ្យដឹងថា ម្ចាស់អាជីវកម្មជីករណ្តៅដី យកអាចម៍ដីលក់នេះ មានឈ្មោះ តូ ភេទប្រុស ហើយនៅក្នុងកិច្ចសន្យានៃច្បាប់ធ្វើអាជីវកម្ម គឺជីករណ្តៅ ជម្រៅ០៥ម៉ែត្រ និងទុកចំណីរណ្តៅទំហំ០៥ម៉ែត្រ បើមានផលប៉ះពាល់ត្រូវសងសំណងជូនប្រជាពលរដ្ឋ។ ប៉ុន្តែជាក់ស្តែង ឈ្មោះតូ ម្ចាស់អាជីវកម្មនោះ អនុវត្តខុសកិច្ចសន្យា ដោយជីករណ្តៅដីជ្រៅជម្រៅ១០ម៉ែត្រ ហើយទុកចិញ្ចើមចំណីរណ្តៅដីតែ២ម៉ែត្រ បង្កឲ្យបាក់ដីលំនៅឋាន និងដីស្រែរបស់ប្រជាពលរដ្ឋ ហើយដឹកដីលើសទ្រុងបង្កឲ្យធ្លាក់អាចម៍ដីលើផ្លូវក្រាលកៅស៊ូ បង្កឲ្យមានការហុយ និងរអិលពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតផង។
ចំណែកឯលោក តូ ម្ចាស់អាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់វិញ ក៏បានប្រាប់ឲ្យដឹងដែរថា លោកមិនគេចវេសទេ គាត់បានប្រាប់ម្ចាស់ដីដែលប៉ះពាល់ហើយថា លោកនឹងចាក់ដីបំពេញកន្លែងដែលបាក់ឲ្យស្មើដូចដើមវិញ ក៏ប៉ុន្តែដោយសារមានភ្លៀង មិនអាចដឹកដីចូលទៅចាក់បាន ទើបខ្លួនដឹកគ្រឿងចក្រចេញ ចាំមើលរាំងភ្លៀង ឬចូលឆ្នាំចិនហើយ ខ្លួននឹងដឹកដីមកចាក់លុបឲ្យស្មើវិញហើយ។
លោក តូ បានបញ្ជាក់ទៀតថា ការជីកជ្រៅ ដោយខ្លួនទិញដីថ្លៃ ១ហិកតា ៧ម៉ឺនដុល្លារ បើជីកជម្រៅ៥ម៉ែត្រគឺខាត ហើយច្បាប់ឲ្យជីកជម្រៅ៥ម៉ែត្រ ខ្លួនបានបង់សួយសារអាករ រួចហើយ រីឯជីកថែមជម្រៅ៥ម៉ែត្រទៀត (១០ម៉ែត្រ) គឺបង់សួយសារអាករឲ្យមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងបន្ថែម គឺមិនខុសច្បាប់ទេ មន្ទីរអនុញ្ញាតិ និងបង់សួយសារអាករ រួចហើយ ។
ពាក់ព័ន្ធករណីនេះ លោក បាត់ សាក់ ប្រធានការិយាយល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថានពលខេត្តស្វាយរៀង បានឲ្យអ្នកសារព័ត៏មានដឹងថា ច្បាប់អនុញ្ញាត គឺឲ្យជីកជម្រៅ៥ម៉ែត្រ និងទុកចំណីរណ្តៅ០៥ម៉ែត្រ បើម្ចាស់អាជីវកម្មជីកដល់១០ម៉ែត្រ ចាំលោកចុះទៅពិនិត្យមើល បើមានផលប៉ះពាល់ដីស្រែប្រជាពលរដ្ឋ លោកនឹងសុំគោលការណ៍កោះហៅដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង