Banner KNP Detail Top

បឹងបិទបាយ គឺជាបឹងធម្មជាតិមួយដែលមានទំហំប្រមាណមួយហិកតា

បឹងបិទបាយ គឺជាបឹងធម្មជាតិមួយដែលមានទំហំប្រមាណមួយហិកតា ក្រុមឈ្មួញជីកដីដឹកជញ្ជូនយកទៅលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានពីអាជ្ញាធរ ឬមន្ត្រីជំនាញ

 

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបឹងបិទបាយនេះ បានរៀបរាប់ប្រាប់ថា ដើមហេតុដំបូង គឺព្រះគ្រូចៅអធិការវត្តវិហារធំ ជាអ្នកស្នើសុំទៅខាងអាជ្ញាធរ អោយខាងគ្រឿងចក្រឈ្មួញ ចូលជីកយកអាចម៍ដីពីក្នុងបឹងបិទបាយ មកចាក់ពង្រីកដីវត្ត ប៉ុន្តែក្រោយពីចាក់ដីវត្តពេញ ហើយគ្រឿងចក្រទាំងនោះមិនបានបញ្ឈប់សកម្មភាពទេ គឺគេនៅតែបន្តចូលទៅជីកដីបឹង យកអាចម៍ដីដឹកទៅលក់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ មួយថ្ងៃមួយថ្ងៃរាប់រយឡាន។
ប្រភពព័ត៌មានបានបញ្ជាក់ថា បឹងបិទបាយ គឺជាបឹងធម្មជាតិមួយដែលមានទំហំប្រមាណមួយហិចតា ស្ថិតនៅក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ បច្ចុប្បន្នបឹងនេះកំពុងត្រូវបានក្រុមឈ្មួញជីកដីដឹកជញ្ជូនយកទៅលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានពីអាជ្ញាធរ ឬមន្ត្រីជំនាញណាឡើយ ។
ពលរដ្ឋបានបញ្ជាក់ប្រាប់ថា សកម្មភាពក្រុមឈ្មួញជីកដីបឹងបិទបាយ ដឹកលក់រាល់ថ្ងៃនេះបានបង្កនៅផលប៉ះពាល់ជាច្រើន ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ដោយសារតែពួកគេមិនបានស្រោចទឹកលើផ្លូវដែលពួកគេឆ្លងកាត់នោះឡើយ ជាហេតុធ្វើឱ្យដីហុយទ្រលោមគ្របដណ្ដប់ទៅលើផ្ទះប្រជាពលរដ្ឋ ហើយប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង។ ជាពិសេសផ្លូវដែលពួកគេដឹកជញ្ជូនដីយកទៅលក់នោះ ក៏បែកខូចខ្ទេចខ្ទីអស់ ហើយពួកគេមិនបានជួយជួសជុលនោះទេ។


ជុំវិញរឿងរ៉ាវនេះ លោក ប្រាក់ មឿន ជំទប់ទី1 ឃុំជើងភ្នំ បានបញ្ជាក់ប្រាប់ថា រឿងក្រុមឈ្មួញជីកដីបឹងបិទបាយយកទៅលក់នេះ «លោកមិនបានដឹងនោះទេ» ព្រោះមិនដែលបានចុះទៅមើល លោកគ្រាន់តែដឹងថា ព្រះសង្ឃវត្តវិហារធំ ជាអ្នកស្នើសុំឲ្យជីកដីបឹងបិទបាយ យកអាចន៍ដីមកចាក់វត្ត ហើយបញ្ហានេះគឺអាជ្ញាធរស្រុក ជាអ្នកចាត់ចែង ហើយមិនបានឲ្យឃុំចូលរួមនោះទេ
អញ្ចឹងហើយទើបឃុំមិនដឹង។
នៅថ្ងៃទី២៥ មីនា ឆ្នំា២០២៤នេះ ដោយឡែក លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ នៅពេលដែលសារព័ត៌មានទូរសព្ទ័ទៅសួរលោកបានឆ្លើយយ៉ាងខ្លីថា លោកកំពុងជាប់ប្រជុំក្រុមប្រឹក្សា ដូច្នេះមិនអាចធ្វើការបំភ្លឺជូនបានឡើយ» ៕

អត្ថបទដែលជាប់ទាក់ទង