Banner KNP Detail Top

បង្ក្រាបចាប់ឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ី ចំនួន១១នាក់ ពាក់ព័ន្ធគ្រឿងញៀន

បង្ក្រាបចាប់ឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ី ចំនួន១១នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ៤០៥ និង៤០៦ ជាន់ទី៤ តាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យជាជនជាតិឥណ្ឌូនេសុី ចំនួន១១នាក់ ស្រី១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតឥណ្ឌូនេសុី បង្ក្រាបចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធទៅនឹង ប្រើប្រាស់ រក្សាទុកគ្រឿងញៀន ដោយខុសច្បាប់ ។

ប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីតំណាងស្ថានទូតឥណ្ឌូនេសុី មានជនសង្ស័យមួយក្រុម ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បានគេចខ្លួនពីខណ្ឌចំការមន មកសម្ងំលួចលាក់ខ្លួន ក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងជំនាញ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ធ្វើការស្រាវជ្រាវ ដោយមានការសហការពីតំណាងស្ថានទូតឥណ្ឌនេសុី និងសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់ មានជនបរទេសកំពុងសម្ងំលាក់ខ្លួន ទីបំផុតនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ឡើងទៅបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យចំនួន១០នាក់ នៅក្នុងបន្ទប់លេខ៤០៦ ដកហូតបានវត្ថុតាង គ្រឿងញៀន ឧបករណ៍ជក់មួយចំនួន និងនៅបន្ទប់លេខ៤០៥ ឃាត់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេសុី ម្នាក់ ដែលក្រុមជនសង្ស័យនាំឱ្យដេកសម្រាកនៅក្នុងបន្ទប់នោះ ។

ម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា គាត់មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ទើបតែនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រុមជនបរទេសទាំងនោះ ចំនួន១០នាក់ មកជួលមួយបន្ទប់ស្នាក់នៅ ងឿងឆ្ងល់តែ មនុស្សដល់ទៅ១០នាក់ ជួលតែមួយបន្ទប់ បន្ទាប់មកក្រុមទាំងនោះ បានហៅស្ត្រីម្នាក់ទៀត ដោយជួលបន្ទប់ទល់មុខគ្នា កាន់តែសង្ស័យ តែមិនហ៊ានរាយការណ៍ភ្លាមទេ រហូតដល់ ខាងសមត្ថកិច្ច ស្រាវជ្រាវ សាកសួររឿងជនបរទេសស្នាក់នៅ រាយការណ៍ប្រាប់ ជាតម្រុយមួយ ដល់កម្លាំងជំនាញ និងតំណាងស្ថានទូត ស្រាវជ្រាវ រហូតដល់ចាប់ឃាត់ខ្លួនបានចំនួន១១នាក់ ស្រី១នាក់ ដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យទាំង១១នាក់ បន្ទាប់ពីចាប់ ឃាត់ខ្លួនបាន នគរបាលនាំទៅកាន់ផ្នែកជំនាញខណ្ឌ រងចាំអ្នកបកប្រែ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង