Banner KNP Detail Top

នារីជាកម្មការិនីរោងចក្រស្រែកទ្រហោយំ ខណៈដែលកំពុងដើរឆ្ពោះទៅ

នារីជាកម្មការិនីរោងចក្រស្រែកទ្រហោយំ ខណៈដែលកំពុងដើរឆ្ពោះទៅធ្វើការងាររោងចក្រ ជួបប៉ះក្រុមទម្លាក់យោង ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ល្បួងនាំយកទៅព្រៃស្ងាត់ ដោះយកគ្រឿងអលង្ការ យកលុយកាក់ ទូរស័ព្ទ បានសម្រេច

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅព្រៃរបោះ ជាប់ផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ មុតផាន ផាត់សារ អាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះ អះអាងថា កងដៃប្លាទីន១ ,ខ្សែដៃប្លាទីន១ខ្សែ, ចិញ្ចៀន១វង់, ក្រវិលមួយគូ, លុយ២២មុឺនរៀល ,ទូរស័ព្ទ i phone xs max ១គ្រឿង ។

មុនកើតហេតុ ខណៈដែលដើរចេញពីផ្ទះជួល ជិតដល់មុខតំបន់សេដ្ឋកិច្ចទៅហើយ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ រឿងមានគេជ្រុះបាត់កញ្ចប់មាស មិនទាន់ទាំងឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ កញ្ចប់មាសរូបគេរើសបាន ដាក់បង្ហាញឱ្យមើលហើយ ល្បួងនាំប្រាប់ថាទៅចែកគ្នា រួចនាំជិះម៉ូតូ ហុងដាឌ្រីម ២គ្រឿង បណ្តើរគ្នារហូតដល់ ព្រៃរបោះមួយកន្លែង តាមផ្លូវបេតុងក្នុងភូមិកំរៀង សង្កាត់កន្ទោក ស្ត្រីសង្ស័យក៏ហុចថង់ក្រហម ស្រាយមាត់ឱ្យមើល ឃើញលោហៈក្រហម ឱ្យកាន់ រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ លុយកាក់ យកទូរស័ព្ទ ពីខ្លួនអស់រលីង ម្តាយខំឱ្យកាលពីទៅលេងថ្ងៃចូលឆ្នាំខ្មែរ រួចជនសង្ស័យប្រាប់ថា ឱ្យរង់ចាំមួយភ្លែត ពួកគេ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ទៅដូរលុយសិន ហើយឡើងជិះម៉ូតូឌុបគ្នា ទៅបាត់អស់ ។

ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ឈររង់ចាំយូរពេក លាស្រាយមាត់ថង់មើល គិតថាដូររបស់ឈ្នះគេហើយ ទុកគ្រាន់យកទៅបង្អួតម៉ែ តែផ្ទុយទៅវិញ ជាខ្សែ.កក្រឡៃ ភ្ញាក់ខ្លួន ដឹងថាចាញ់បោកគេហើយ ស្រែកទ្រហោយំ ដើរតាមផ្លូវ ត្រូវបានកម្លាំងប្រជាការពារប្រទះឃើញ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ៕

អត្ថបទដែលជាប់ទាក់ទង