Banner KNP Detail Top

ជនសង្ស័យ០៤នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ជនសង្ស័យ០៤នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ នៅ ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទន្ទឹមនោះក៏បានដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ១២កូនថង់កិប ទម្ងន់ ១៣,២៩ក្រាម, កញ្ឆា ចំនួន ០៤ថង់កិប ទម្ងន់ ៥៤,២ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅរូបកែវកាហ្វេ ចំនួន ០១កញ្ចប់ ទម្ងន់ ៣៨,៨៤ក្រាម, កញ្ចប់ម្ស៉ៅចម្រុះពណ៌ មានអក្សរLemon Zkittlez ចំនួន ០១កញ្ចប់ ទម្ងន់ ១៥,៧៦ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០៤គ្រឿង(ម៉ាកSamsung ពណ៌ស្វាយ ០២គ្រឿង, ខូច ០២គ្រឿង), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង រួមនឹងវត្ថតាង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

មុនឈានដល់ការបង្រា្កបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខ យាមក្លឹបMEX CLUB ថាមានជនសង្ស័យជនជាតិថៃបានជិះម៉ូតូចំនួន០១គ្រឿងដើម្បីចូលក្នុងក្លឹប ពេលនោះសន្តិសុខបានសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញមានគ្រឿងញៀនមួយចំនួន ក៏បានរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថតែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើឈ្មោះ ចាក់ខាវ៉ាន សេតថាក់ស៊ុបមេក ហៅ ថប់ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន ០៨ថង់កិប ទម្ងន់ ៨,៤២ក្រាម ហើយនាមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការ។
ដោយមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបានចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យនៅចំណុចផ្ទះលេខB៩៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញវត្ថុតាងរួមមាន គ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀតជាអ្នកប្រើប្រាស់គ្រឿងញៀនរួមមាន៖ ១.ឈ្មោះ ណាតតាផន ឆូតទិបុត ហៅ មីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិថៃ, ២.ឈ្មោះ សាត់ថាយ៉ា ថៃក្រាក់ថុក ហៅ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សាក់ស៊ីថត ស៊ូវ៉ាន់ណាសាក់ ហៅ ផេត ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិថៃ។
ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង