Banner KNP Detail Top

អាណិតហួសពីអាណិត! បុរសជាប្តីដឹងថា ប្រពន្ធជិតគ្រប់ខែ ខំរកប្រាក់ ដោយខ្វល់ខ្វាយគ្មានប្រាក់ ដើម្បី

អាណិតហួសពីអាណិត! បុរសជាប្តីដឹងថា ប្រពន្ធជិតគ្រប់ខែ ខំរកប្រាក់ ដោយខ្វល់ខ្វាយគ្មានប្រាក់ ដើម្បីទុកសម្រាប់ឱ្យប្រពន្ធសម្រាលកូន នាពេលខាងមុខ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចស្រះទឹកមួយន្លែងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសនេះ ឈ្មោះ ប៊ូ ម៉ាណា អាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះ ឌឿន អែម អាយុ២៣ឆ្នាំ មានផ្ទៃពោះ៨ខែ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានទីលំនៅភូមិប្របបឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចរកឃើញនៅលើខ្លួនសពមានស្លាកស្នាមពងលើស្មាខាងស្ដាំចំនួន៣កន្លែងឆេះស្លោកស្បែក ដែលតាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីប្រាកដមែន ។
នាងជាប្រពន្ធដែលកំពុងពពោះ៨ខែ បាននិយាយប្រាប់ថា ដោយសារតែគ្មានប្រាក់សម្រាប់ទុកឱ្យនាងសម្រាលកូននាពេលខាងមុខ ប្ដីរបស់នាងបានទិញត្រីនៅក្នុងស្រះទឹកខាងលើពីម្ចាស់ស្រះ ដើម្បីបូមទឹកចាប់និងឆក់ត្រីលក់ គ្រាន់បានប្រាក់ចំណេញខ្លះទុកសម្រាប់ឱ្យនាងសម្រាលកូន។ ម្ចាស់ស្រះបានលក់ត្រីទាំងអស់នៅក្នុងស្រះនោះក្នុងតម្លៃ៨០,០០០រៀល(ប្រាំបីម៉ឺនរៀល) ប៉ុន្តែប្ដីនាងអត់ទាន់មានលុយឱ្យម្ចាស់ស្រះនៅឡើយទេ ដោយរង់ចាំចាប់ត្រីលក់បានលុយសិន ។ បន្ទាប់ពីនិយាយត្រូវរ៉ូវថ្លៃគ្នាហើយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ប្ដីនាងបានចាប់ផ្ដើមបូមទឹកបណ្ដើរនិងឆក់ត្រីបណ្ដើរ ហើយបានត្រីជារៀងរាល់ថ្ងៃផងដែរ រហូតដល់វេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ខណៈបូមទឹករីងស្ទើរតែទាំងស្រុងទៅហើយ ប្ដីនាងបានចុះទៅឆក់ត្រីក្នុងនៅក្នុងស្រះនោះទៀត និងបានប្រើភ្លើងពិលពាក់លើក្បាល លុះមួយសន្ទុះក្រោយមក ស្រាប់បាត់មិនឃើញពន្លឺភ្លើងពិល ដែលប្ដីនាងពាក់ក្បាល។


ស្ត្រីដដែលបានប្រាប់ទៀតថា ពេលនោះនាងបានបញ្ចាំងពិលមើលពីលើមាត់ស្រះទៅ ស្រាប់តែឃើញប្ដីនាងដួលផ្កាប់មុខនៅក្នុងទឹក ហើយនាងសង្ស័យថាប្ដីឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រី ទើបរត់ទៅស្រែកហៅឱ្យអ្នកភូមិឱ្យជួយ។ ភ្លាមៗនោះមានអ្នកភូមិ៣ទៅ៤នាក់ រត់ទៅរួចបានចុះទៅក្នុងទឹក ទាញលើកប្ដីនាងឡើងគោកជួយធ្វើចលនាសង្គ្រោះ បឋម រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែជាអកុសលពេលទៅដល់គ្រូពេទ្យពិនិត្យនិងប្រាប់ថាប្ដីនាងខ្ញុំស្លាប់បាត់ទៅហើយ។
ដោយសារតែមានការអាណិតអាសូរចំពោះស្ត្រីជាប្រពន្ធជនរងគ្រោះខ្លាំងពេក លោកវរសេនីយ៍ឯកហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ក៏បានឧបត្ថម្ភប្រាក់មួយចំនួនដល់នាង ហើយនៅវេលា ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកអធិការក៏បានដឹកនាំកម្លាំងនគរបាលជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុបន្តទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង