Banner KNP Detail Top

កម្ពុជា បានបដិសេធទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

កម្ពុជា បានបដិសេធទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

ទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ និងចាត់ទុកការអត្ថាធិប្បាយនេះ ថាជាការបំភ័ន្តជ្រើសតែមួយជ្រុង និងមានភាពរើសអើង ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា…។

ផ្អែកតាមសេចក្តីថ្លែងការណ៍ព័ត៌មាននាថ្ងៃទី៥ឧសភា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាបានអះអាងថា «ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត»។ ស្ថានបេសកកម្មបានបន្តថា ការសម្រេចបែបណានោះ គឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀត បានធ្វើកូដកម្មជាច្រើនខែដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គមដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ ស្ថានបេសកកម្មបានបញ្ជាក់ថា សមាជិកសហជីពត្រូវបានផ្តន្ទាទោសពីបទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែ ន «ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម» នោះទេ។ នៅប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីពនោះទេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាបានសង្កត់ធ្ងន់ថា «បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើបុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជានៅទីក្រុងហ្សឺណែវ ក៏បានស្នើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេច A/RES/48/141 ដែលបានកំណត់អណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋសមាជិក។ គួររំលឹកផងដែរថា លោកស្រី ឈឹម ស៊ីថរ ធ្លាប់ត្រូវបានចាប់ខ្លួនលើកទី១ កាលពីដើមខែមករា ឆ្នាំ២០២២ ក្នុងពេលកញ្ញាដឹកនាំធ្វើកូដកម្ម និងត្រូវជាប់ឃុំក្នុងពន្ធនាគាររយៈពេល២ខែ បន្ទាប់មកក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។ ក្រោយមកទៀត បន្ទាប់ពីលោកស្រីត្រឡប់មកពីការចូលរួមកិច្ចប្រជុំនៅអូស្ត្រាលី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២រហូតដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង