Banner KNP Detail Top

ភ្ញាក់ផ្អើល! បុរសចិន មានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់

ភ្ញាក់ផ្អើល! បុរសចិន មានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ ជាង៣ពាន់លានដុល្លារសិង្ហបុរី ត្រូវចាប់បញ្ជូនមកកម្ពុជា

សិង្ហបុរី៖ បុរសជនជាតិចិន២នាក់ ដែលមានសញ្ជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង៣ពាន់លានដុល្លារ នៅប្រទេសសិង្ហបុរី ពេលនេះត្រូវបានបញ្ជូនមកកម្ពុជាហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times កាលពីថ្ងៃទី០៧ឧសភា ឆ្នាំ២០២៤។

ជនជាតិចិនម្នាក់ឈ្មោះ ស៊ូ វីនឈាំង (Su Wenqiang) និងម្នាក់ទៀតឈ្មោះ វ៉ាង ប៉ោសិន ស្ថិតក្នុងវ័យ៣២ឆ្នាំដូចគ្នា ត្រូវបានបណ្តេញចេញពីសិង្ហបុរីលែងឱ្យជាន់ដីប្រទេសនេះទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអន្តោប្រវេសន៍សិង្ហបុរី កាលពីថ្ងៃទី០៦ឧសភា។ អ្នកដែលត្រូវបានបណ្តេញចេញទាំងពីរនាក់នេះ គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវបានប៉ូលិសសិង្ហបុរីចាប់ខ្លួន ពីបទលាងលុយកខ្វក់កាលពីខែសីហា ឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារសិង្ហបុរី ទ្រព្យសម្បត្តិ យានយន្ត និងរបស់របរប្រណិតៗមានតម្លៃជាច្រើនផ្សេងទៀត។ ប៉ុន្តែសំណួរសួរថា តើហេតុអ្វីបុរសជនជាតិចិនពីរនាក់ក្នុងចំណោមនោះ ត្រូវបញ្ជូនមកកម្ពុជា..? បើតាមច្បាប់អន្តោប្រវេសន៍របស់សិង្ហបុរី គឺគេត្រូវបញ្ជូនឧក្រិដ្ឋជនដែលមានលិខិតឆ្លងដែនកំពុងមានសុពលភាព ទៅប្រទេសនៃលិខិតឆ្លងដែននោះ។
ជាក់ស្តែង ឈ្មោះ ស៊ូ វីនឈាំង មានសញ្ជាតិខ្មែរ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៣ខែ ក្រោមបទចោទលាងលុយកខ្វក់ចំនួន២ករណី។ ក្នុងនោះលោក ស៊ូ សារភាពថា បានកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត៦០ម៉ឺនដុល្លារ ដែលទទួលបានពីល្បែងហ្គេមអនឡាញខុសច្បាប់ ហើយបានប្រើលុយនោះប្រមាណ៥០ម៉ឺនដុល្លារដើម្បីទិញរថយន្តស៊េរីទំនើប។ ដោយឡែក លោក វ៉ាង ប៉ោសិន ទទួលបានសញ្ជាតិខ្មែរតាំងពីឆ្នាំ២០២០ បានសារភាពកំហុសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត៦សែនដុល្លារសិង្ហបុរី នៅក្នុងគណនីធនាគាររបស់ភរិយា និងការលាងលុយកខ្វក់ចំនួន១,៤៨លានដុល្លារសិង្ហបុរី ដើម្បីទិញផ្ទះល្វែងប្រណីត Park Nova នៅផ្លូវ Tomlinson។ ទន្ទឹមគ្នានេះ ប៉ូលិសសិង្ហបុរី ក៏រឹបអូសបានទ្រព្យសម្បតិ្តលោក វ៉ាង ប៉ោសិន ដែលលាក់ទុកក្នុងគណនីធនាគាររបស់ភរិយា ប្រមាណជាង៨លានដុល្លារសិង្ហបុរីដែរ។

សូមរំឭកថា ឧក្រិដ្ឋជនទាំង២នាក់នេះស្ថិតនៅក្នុងចំណោមឧក្រិដ្ឋជនទាំង១០នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំនៅសិង្ហបុរីកាលពីឆ្នាំ២០២៣ ដោយរឹបអូសបានទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី។ តែគិតត្រឹមនេះ តុលាការសិង្ហបុរីទើបបានសម្រេចកាត់ទោសឧក្រិដ្ឋជនលាងលុងកខ្វក់សរុបចំនួន៥នាក់ ដែលក្នុងនោះ ២នាក់មានសញ្ជាតិខ្មែរ ២នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិស៊ីប ឬសាយប្រើស។ អ្នកទាំង៥ត្រូវតុលាការសិង្ហបុរីសម្រេចឱ្យជាប់ពន្ធនាគារចន្លោះពី១៣ខែទៅ១៥ខែរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង