រកឃើញបង្គាចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)
រកឃើញបង្គាចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នំា២០២៣ នេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។
យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន៤០ បានបង្ហាញឱ្យឃើញថា ពុំមានប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។
ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលបង្គាស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលផងដែរ។
សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕