Banner KNP Detail Top

ជនត្រូវចោទម្នាក់ត្រូវបានអនុប្រធានសាលាដំបូងខេត្ត បញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ ឆបោក

ជនត្រូវចោទម្នាក់ត្រូវបានអនុប្រធានសាលាដំបូងខេត្ត បញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ ឆបោក

 

ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទម្នាក់ត្រូវបានអនុប្រធានសាលាដំបូងខេត្ត បញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១២០៣ ឃ.ខ/24 ចុះថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ចេញដោយលោក លី ចន្ថា អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។

ដីកានេះ ជនត្រូវចោទឈ្មោះ ឈឿន ឈុន្នី ហៅញ័រ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិសូរិយាលើ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់(លីវ)។ ពីបទៈ ឆបោក ប្រព្រឹត្តនៅភូមិសូរិយាលើ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ សម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈ នាំជនត្រូវចោទដែលមានដូចខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ ។ បង្គាប់មកលោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ឲ្យទទួលយកជនត្រូវចោទមានឈ្មោះ ឈឿន ឈុន្នី ហៅញ័រ(មានអត្តសញ្ញាណខាងលើ)និងឃុំជននេះរហូតដល់មានដីកាសម្រេចផ្សេងពីនេះ ។
ពាក់ព័ន្ធជនត្រូវចោទឈ្មោះ ឈឿន ឈុន្នី ហៅញ័រ ត្រូវបានឃុំខ្លួននេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង នាល្ងាចថ្ងៃដដែលនេះថា ជនត្រូវចោទៈបានឃាត់ខ្លួនតាមបណ្ដឹងរបស់លោក វ៉ាន់ ហ៊ាង ហៅតក ភេទប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មុខរបរ នាយកកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។ បណ្ដឹងលោក វ៉ាន់ ហ៊ាង ហៅតក មានជនមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ទូរស័ព្ទលេខ០៨៥ ៩៣២ ៧៨១ ខលមកគាត់(វ៉ាន់ ហ៊ាង ហៅតក)ថា ខ្លួន(ម្ចាស់លេខទូរស័ព្ទ)ជាឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្រេចនាយករដ្ឋមន្ត្រី គាត់បានបញ្ជាឲ្យខ្លួនយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន០៤គ្រួសារ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ដោយ១គ្រួសារ ទទួលបានលុយចំនួន១០ម៉ឺនរៀល អង្ករទម្ងន់ចំនួន២៥គីឡូក្រាម មី២កេស ត្រី ខ១យួរ ទឹកស៊ីអ៊ីវ១យួរ កំណត់ពេលវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដោយមាន ឈ្មោះ ឈឿន ឈុន្នី ហៅញ័រ ចាំទទួល និងជូនទៅបង្ហាញផ្ទះប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានអំណោយ ម្ចាស់លេខទូរស័ព្ទតាំងខ្លួនឯកឧត្ដម សេង ទៀង ជំនួយការនាយករដ្ឋមន្ត្រី បានបញ្ជាលោក វ៉ាន់ ហ៊ាង ហៅតក នាយកកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មិនចាំបាច់ឆ្លងយោបល់ជាមួយអ្នកណាឬឯកឧត្ដម ខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ នោះទេ បន្ទាប់មកក្រុមការងារកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះចែកជូនអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤គ្រួសារ តាមការចង្អុលបង្ហាញពីឈ្មោះ ឈឿន ឈុន្នី ហៅញ័រ រួចរាល់ ម្ចាស់បណ្ដឹង(វ៉ាន់ ហ៊ាង ហៅតក)នាយកកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រាយការណ៍ជូន នាយកខុទ្ទកាល័យសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទើបបែកការក្លែងក្លាយសោះ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង