ក្រសួងត្រូវតែធ្វើអធិការកិច្ចលោកឆៅ ប៊ុនធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលយកសំភារៈរបស់រដ្ឋទៅជាមួយ
ក្រសួងត្រូវតែធ្វើអធិការកិច្ចលោកឆៅ ប៊ុនធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលយកសំភារៈរបស់រដ្ឋទៅជាមួយ
រឿងរ៉ាវរបស់អតីតប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានកំពុងស្អុយច្រាសខ្យល់ គួរឲ្យខ្មាសអៀនបំផុតនោះ គឺកាលនៅជាប្រធានមន្ទីរ លោកប្រព្រឹត្តអំពើមិនគប្បីពុករលួយខ្លាំងណាស់ទៅហើយ ប៉ុន្តែនៅពេលដែលចាក ចេញ(ក្រសួងដកដំណែង) លោកមិនបានបន្សល់កេរ្តិ៍ ឈ្មោះល្អប្រសើរ សម្រាប់មន្ត្រីនៅក្នុងមន្ទីរនោះទេ ប៉ុន្តែបែជានាំទៅជាមួយ រថយន្ត,ម៉ូតូនិងគ្រឿងសង្ហារឹមមួយ ចំនួនទៅផង។ ករណីនេះគួរតែមានការធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា រហូតមកដល់ពេលនេះគឺតាំងពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ នៃការដកតំណែងលោកឆៅ ប៊ុនធឿន បានយកទៅជាមួយនៅរថយន្តម៉ាករីវ៉ូពាក់ស្លាលេខរដ្ឋ១៩_០៥៥៩ ដែលមកដល់ពេលនេះលោកមិនទាន់ ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី នៅឡើយទេ។ លោកនៅតែបន្តប្រើប្រាស់រថយន្តរបស់មន្ទីរបរិស្ថាននៅឡើយ បើទោះបីជាលោកត្រូវបានដកតំណែងរួចរាល់ហើយក៏ដោយ។ ជាមួយនោះប្រភពបានបន្ថែមថា ក្រៅពីរថយន្តទំនើបម៉ាករីវ៉ូនោះក៏នៅមានម៉ូតូ ១គ្រឿងទៀតពាក់ស្លាកលេខរដ្ឋ ក៏លោកឆៅ ប៊ុនធឿន យកទៅជាមួយដែរ។ ក្រៅពីរថយន្ត១និងម៉ូតូ១គ្រឿងដែលជាសម្បត្តិរបស់រដ្ឋនោះ ក៏នៅមានសាឡុង១ ឈុតដែលមាននៅក្នុងសំណុំរឿងត្រូវបានលោកដឹកចេញពីតំបន់អភិរក្សនៃស្នាក់ការរងណាំរ៉ាម នៃដែនជម្រកសត្វ ព្រៃស្រែពក។
ប្រភពឲ្យដឹងថា មិនមែនមានតែប៉ុណ្ណេះទេគឺមានទ្រព្យ សម្បត្តិរដ្ឋជាច្រើនផ្សេងទៀត នៅក្នុងមន្ទីរបរិស្ថានត្រូវបានលោកឆៅ ប៊ុនធឿន ដឹកយកទៅផ្ទះរបស់លោក។ នេះគឺជាអ្វីដែលស្ថិតនៅក្នុងដំណាក់កាល ចុងក្រោយនៃតំណែងរបស់លោកឆៅ ប៊ុនធឿន ជាប្រធានមន្ទីរខ្សោយខាងការដឹកនាំ ដែលអ្នកពូកែសន្សំកាក់ល្អិតជាមួយពួកឈ្មួញរកស៊ីបទល្មើស។ ព្រោះតែ គ្មានសមត្ថភាពដឹកនាំឲ្យអង្គភាពរីកចម្រើននោះហើយ ទើបរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន សម្រេចដកតំណែងលោកឆៅ ប៊ុនធឿន ចេញពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលចំណុចនេះ លោកគួរតែដឹងខ្លួនឯងឲ្យប្រាកដ។
លោកឆៅ ប៊ុនធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីបានឆ្លើយតបថា បញ្ហារថយន្តនោះ លោកបានប្រាប់ទៅថ្នាក់ដឹកនាំ(អគ្គៈ)ក្រសួង ក៏ដូចជាមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរួចហើយ គឺរង់ចាំតែប្រធានមន្ទីរថ្មីនៃមន្ទីរបរិស្ថានខេត្តប្រកាសជាផ្លូវការប៉ុណ្ណោះលោកនឹងយកទៅប្រគល់គេហើយ។ រីឯសាឡុងដែលដឹកមកពីស្រែពកនោះ គឺជាសាឡុងចាស់ដែលចោលតែប៉ុណ្ណោះ។ ក្រៅពីនោះលោកមិនពាក់ព័ន្ធនឹងបញ្ហាអ្វីទៀតទេ។
មានរឿងអាម៉ាស់ជាច្រើនករណីទៀត ដែលលោកឆៅ ប៊ុនធឿន ក៏ដូចជាកូនប្រុសរបស់លោកបាននឹងកំពុងធ្វើ។ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនិយាយថា វាជារឿងឯកជនដែលគួរឲ្យខ្មាស អៀនសម្រាប់លោកឆៅ ប៊ុនធឿន និងក្រុមគ្រួសារ។តាមប្រភពខ្សឹបថា ទោះបីជាមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានស្នើរទៅក្រសួងឲ្យលោកឆៅ ប៊ុនធឿនប្រគល់រថយន្តមកវិញក៏ដោយក៏លោកនៅតែធ្វើមិនដឹងមិនឮ។
បើទោះជាយ៉ាងណាក៏ដោយ បញ្ហានេះត្រូវតែមានការស៊ើបអង្កេតឬធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ ថាតើ មានអ្វីខ្លះដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីមានហើយបាត់បង់អ្វីខ្លះ នៅក្នុងដំណាក់កាលដឹកនាំរបស់លោកឆៅ ប៊ុនធឿន? តើការដែលលោកឆៅ ប៊ុនធឿន យករថយន្ត១គ្រឿងទៅជាមួយ ហើយរង់ចាំប្រធានថ្មីទើបប្រគល់ឲ្យនោះជាភាពត្រឹមត្រូវស្របច្បាប់ដែរឬទេ?៕