នេះឬជីវិត! នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានស្រលាញ់បុរសម្នាក់រហូតជ្រុលខ្លួនមានផ្ទៃពោះ ទើបដឹងថា បុរសនោះមានប្រពន្ធ និងកូនរួចទៅហើយ
នេះឬជីវិត! នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានស្រលាញ់បុរសម្នាក់រហូតជ្រុលខ្លួនមានផ្ទៃពោះ ទើបដឹងថា បុរសនោះមានប្រពន្ធ និងកូនរួចទៅហើយ
ភ្នំពេញ ៖ នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានស្រលាញ់បុរសម្នាក់រហូតជ្រុលខ្លួនមានផ្ទៃពោះទើបដឹងថា បុរសនោះមានប្រពន្ធ និងកូនរួចទៅហើយ ចំណែកប្ដីហេងស៊យនោះ គ្មានមុខរបររកស៊ីអ្វីនោះទេ ហើយក៏មិនបានទទួលខុសត្រូវចិញ្ចឹមរូបនាង និងកូនឡើយ ។
ពេលនេះនាងកើតបានកូនប្រុសម្នាក់ អាយុជាង១ខែហើយ នាងបានបីកូនទៅរកប្ដីដល់ផ្ទះ ប៉ុន្តែអត់ជួបប្ដីបែរជាជួបប្រពន្ធដើម ហើយត្រូវប្រពន្ធដើមប្ដីវាយធ្វើបាបទៀត ទើបនាងបីកូនយកទៅផ្ញើទុកនៅស្ត្រីអ្នករើសអេតចាយម្នាក់ រួចក៏គេចខ្លួនបាត់ ។
ពេលនោះ ស្ត្រីអ្នករើសអេតចាយបានរាយការប្រាប់លោកមេភូមិបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែជាង៣ម៉ោងក្រោយមកដោយអត់ដាច់ចិត្តពីកូន ស្រាប់តែស្ត្រីរូបនោះត្រឡប់ទៅយកកូនវិញ ។ ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនាងទៅយកកូនវិញ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែលនោះ ។
ស្ត្រីខាងលើឈ្មោះ ស ស ផ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ចំណែកបុរសដែលជាប្ដីមិនទទួលខុសត្រូវលើរូបនាង និងកូននោះអត់ដឹងថា ឈ្មោះពិតអ្វីទេ ។ នាងស្គាល់តែឈ្មោះហៅក្រៅថា តាស្រម៉ូម ប៉ុណ្ណោះ ហើយតាស្រម៉ូមនេះមានប្រពន្ធ និងកូនស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមស្ត្រីអ្នករើសអេតចាយម្នាក់បាននិយាយថា កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលគាត់កំពុងដេកនៅក្នុងខ្ទមម្នាក់ឯង ស្រាប់តែឃើញនាងកម្មការិនីម្នាក់នោះ បីកូនប្រុសខាងលើទៅកាន់កន្លែងគាត់ ហើយគាត់មិនដែលធ្លាប់ស្គាល់នាងពីមុនមកនោះទេ ។
ពេលទៅដល់នាងបាននិយាយទៅកាន់គាត់ថា តើបងចង់បានកូនចិញ្ចឹម ឬអត់? គាត់ក៏ឆ្លើយថា ជីវិតខ្ញុំ គឺជាអ្នករើសអេតចាយទេ ខ្ញុំក៏មានកូន៦នាក់ហើយដែរ ខ្ញុំអត់មានលទ្ធភាពយកកូនមកចិញ្ចឹមថែមទៀតទេ ។ ស្រាប់តែនាងនោះនិយាយតបមកកាន់គាត់វិញថា ខ្ញុំអត់ចិញ្ចឹមកូននេះទេ នរណាយកមិនយកក៏ខ្ញុំអត់លទ្ធភាពចិញ្ចឹមដែរ នៅជាមួយខ្ញុំកូននេះអត់អនាគតឡើយ ខ្ញុំចង់ឲ្យកូនខ្ញុំនេះទៅអ្នកមានលុយធូរធារចិញ្ចឹម ដើម្បីឲ្យវាមានអនាគតទៅថ្ងៃក្រោយ ប៉ុន្តែបើគ្មានអ្នកយកចិញ្ចឹមទេ ខ្ញុំនឹងយកវាទៅទុកចោលហើយ ។
ពេលឮបែបនេះ ក្នុងទឹកចិត្តជាម្ដាយម្នាក់ដែរ គាត់មានអារម្មណ៍ថា បើស្ត្រីនោះយកកូនទៅទុកចោលមិនកើតទេ គាត់បានឃាត់ឲ្យនាងអង្គុយសិន ហើយគាត់បានសួរនាំពីដើមហេតុដំណើររឿង ។
ស្ត្រីអ្នករើសអេតចាយបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះនាងខាងលើបានប្រាប់គាត់ថា ខ្ញុំបានស្រលាញ់បុរសឈ្មោះតាស្រម៉ូមនោះ ប៉ះចំប្ដីគេហើយ ខ្ញុំជាប្រពន្ធចុងគេ ប្ដីមិនទទួលខុសត្រូវលើរូបខ្ញុំ និងកូនសោះ ។ នាងក៏បាននិយាយពឹងគាត់ថា សូមបងឯងជួយរកមនុស្សចិញ្ចឹមកូនខ្ញុំផង ខ្ញុំនិងហៅប្ដីខ្ញុំមកឲ្យផ្ដិតមេដៃឲ្យ ហើយខ្ញុំសុំជាសគុណគេបន្តិចបន្តួច ដើម្បីបានប្រាក់ធ្វើដើមរកស៊ីបន្តទៀត ។ ប៉ុន្តែគាត់ប្រាប់វិញថា ពុំដឹងថាត្រូវទៅរកអ្នកដែលចង់បានកូននេះយកទៅចិញ្ចឹមឯណាមកឲ្យនាងទេ ពេលនោះស្រាប់តែនាងបានសុំផ្ញើកូន និងគាត់១យប់សិន ប៉ុន្តែគាត់ក៏មិនហ៊ានទទួលទេ ព្រោះខ្លាចនាងម្នាក់នេះប្រើល្បិចប្ដឹងសមត្ថកិច្ចចោទប្រកាន់ថា គាត់លួចកូនរបស់នាង ។
បន្ទាប់មក គាត់ក៏បានខលប្រាប់លោកមេភូមិពីដំណើររឿង ហើយលោកមេភូមិក៏បានប្រាប់គាត់ថា ឲ្យនាងស្នាក់នៅជាមួយគាត់១យប់សិនទៅទើបយប់នោះគាត់យល់ព្រមឲ្យនាងស្នាក់នៅ១យប់ ហើយដើម្បីការពារខ្លួនគាត់ក៏បានហៅយុវជន៣នាក់ទៀត ឲ្យមកដេកនៅជាមួយគាត់ដែរ ព្រោះមិនទុកចិត្តនាងម្នាក់នេះឡើយ ។
អ្នករើសអេតចាយ បានប្រាប់បន្ថែមទៀតថា លុះដល់វេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ត្រីរូបនោះក៏បានបីកូនចាកចេញទៅបាត់ទៅ រហូតដល់វេលាម៉ោងជា៩យប់ថ្ងៃដដែល ស្រាប់តែឃើញបីកូនត្រឡប់ទៅផ្ទះគាត់វិញម្ដងទៀត ហើយឃើញមានស្នាមមុតក្រចកលើផ្ទៃមុខផង ។
គាត់បានសួរនាំថា មានរឿងអីនាងក៏ប្រាប់ថា នាងបានបីកូនទៅរកតាស្រម៉ូម ដែលជាប្ដីដល់ផ្ទះនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ប៉ុន្តែពេលទៅដល់អត់ជួបប្ដីទេ គឺជួបតែប្រពន្ធដើមប្ដី ក៏ត្រូវប្រពន្ធដើមនោះវា.យធ្វើបាបនាង ។ ពេលនោះ គាត់ក៏បានឲ្យនាងស្នាក់នៅ១យប់ទៀតលុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា នាងបានផ្ញើកូនទុកឲ្យនៅ និងគាត់ ដោយប្រាប់គាត់ថា ទៅរកទិញបាយហូបមួយភ្លែត រួចក៏ទៅបាត់រយៈពេលជាង២ម៉ោងមិនឃើញត្រឡប់មកវិញសោះគាត់ក៏បានរាយការណ៍ជូនលោកមេភូមិម្ដងទៀតបង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ។
ក្រោយពេលចាកចេញចោលកូន រយៈពេលជាង៣ម៉ោងក្រោយមក គឺនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល នាងកម្មការិនីរូបនោះបានត្រឡប់ទៅយកកូនវិញហើយ ។ នាងបាននិយាយថា ក្នុងនាមជាម្ដាយនាងមិនដាច់ចិត្តចោលកូនជាទីស្រលាញ់របស់ខ្លួននោះទេ ហើយនាងបានប្រាប់ពីឈ្មោះ និងស្រុកកំណើតរបស់នាង ព្រមទាំងដំណើររឿងរបស់នាង និងតាស្រម៉ូមដែលជាប្ដីខ្លះៗដែរ តែមិនបានក្បោះក្បាយឡើយ ។
បន្ទាប់មកក្នុងនាមជាមេភូមិលោកក៏បានណែនាំឲ្យនាងតស៊ូចិញ្ចឹមកូនឲ្យបានល្អកុំបោះបង់ចោលឲ្យសោះ ថ្ងៃក្រោយពេលកូនធំឡើងកូន និងចិញ្ចឹមនាងជាម្ដាយវិញហើយ ។ ពេលនោះដែរ លោកបានជូនថវិកាចំនួន១០ម៉ឺនរៀលដល់នាង ចំណែកលោកចាន់ ដែលជាប្រជាការពារសង្កាត់ បានជួយម្សៅទឹកដោះគោ២កំប៉ុង ហើយក៏មានការជួយឧបត្ថម្ភពីប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ ៕