តារាកំប្លែកនាយ តាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺទឹកនោម
តារាកំប្លែកនាយ តាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺទឹកនោម
ភ្នំពេញ ៖ ដំណឹងនេះត្រូវបានប្រកាសឲ្យដឹងពីតារាសម្តែងលោក សាវីន ហ្វីលីព នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក សាវីន ហ្វីលីព បានបង្ហោះសារលើបណ្តាញសង្គម ដោយអមជាមួយនឹងរូបភាពរបស់តារាកំប្ហែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថា នាយ តាក់ស៊ី អាយុ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វើអោយខូចក្រលៀន ។
តារាកំប្លែកនាយ តាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺទឹកនោមរបស់លោកបានធ្វើទុក្ខកាន់តែខ្លាំង បន្ទាប់ពីតារាកំប្លែងរូបនេះបានជួបប្រទះនូវជំងឺមួយនេះអស់រយៈពេលជាច្រើនឆ្នាំ ។
បើតាមលោក សាវីន ហ្វីលីព លោកវេជ្ជបណ្ឌិតប្រាប់ខ្ញុំថា ពេលនេះនាយ តាក់ស៊ី មានជំរើសចុងក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជំរើសទី២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី ។
យ៉ាងណា ក្រោយពីការឃើញលោក សាវីន ហ្វីលីព បានប្រកាសដំណឹងនេះគេឃើញមានមហាជន ជាពិសេសអ្នកគាំទ្រការសម្តែងរបស់នាយ តាក់ ស៊ី នាំគ្នាសម្តែងការអាណិតអាសូរ និងបានជូនពរដល់តារារូបនេះឆាប់បានធូរស្បើយពីជំងឺ និងអាចវិលមកការសម្តែងដូចធម្មតាឡើងវិញ ។
ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេ ពោលកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ តារាកំប្លែងរូបនេះ ក៏ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីលោកបានជួបប្រទះជំងឺខ្វះឈា.មក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការៈងងឹតមុខ និងសន្ល.ប់ជាច្រើនដង ។ អ្វីដែលរឹតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានពើបប្រទះជំងឺខូចតម្រង់នោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំង២មុខនេះតម្រូវឲ្យលោកធ្វើការបញ្ចូលឈា.មជាច្រើនលើក ។
យ៉ាងណាក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈមក នាយ តាក់ស៊ី ក៏មានអាការៈធូស្បើយច្រើនឡើងវិញទើបរូបលោកក៏បានបង្ហាញវត្តមានសម្តែងកំប្លែងខ្លីៗឡើងវិញ ដោយនៅក្នុងនោះលោកក៏បានថតផ្សព្វផ្សាយផលិតផលបំប៉នសុខភាពឲ្យក្រុមហ៊ុនមួយផងដែរ ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ តារាកំប្លែងនាយ តាក់ស៊ី បានផ្ទុកនូវជំងឺទឹកនោមផ្អែមជាង១០ឆ្នាំមកហើយ ខណៈពេលកន្លងមកដោយសារតែជំងឺមួយនេះបានរួមរឹត និងធ្វើទុក្ខដល់រូបលោកយ៉ាងខ្លាំងរហូតធ្វើឲ្យត្រូវបង្ខំចិត្តផ្អាកការសម្តែងមួយរយៈសម្រាប់យកពេលព្យាបាលជំងឺនៅផ្ទះ ៕