Banner KNP Detail Top

ឃាត់ស្ត្រីលក់បន្លែម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួច និងបន្លំចំនួន ០៣លើក នៅសៀមរាប

ឃាត់ស្ត្រីលក់បន្លែម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួច និងបន្លំចំនួន ០៣លើក នៅសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២៣នេះ ស្ត្រីលក់បន្លែម្នាក់ ឈ្មោះអ៊ិន តារ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់រទេស ឃុំកំពង់រទេស ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្ននៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សង្ស័យថាបាន ធ្វើសកម្មភាពលួចនិងបន្លំចំនួន ០៣លើក ដែលបានប្រព្រឹត្តទៅនៅក្រុងសៀមរាប ពេលនេះត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបសហការជាមួយ និងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានហើយ ។
ដោយយោងតាមដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋមលេខ៥០៩ អយក/២២ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ របស់ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋកន្លងមកនោះ មិនបង្អង់យូរ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ កំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួន ស្ត្រីដែលជាជនសង្ស័យខាងលើតែម្ដង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពបន្លំលួច នឹងបោកសម្លៀកបំពាក់ ក្នុងក្រុងសៀមរាប ចំនួន០៣លើក មាន៖
•លើកទី១ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពបោកយកសម្លៀកបំពាក់ ពីជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថា ខ្លួនជាម៉ូយថៅកែធំ ហើយអោយជនរងគ្រោះច្រកខោអាវ ដែលមានតម្លៃស្មើ ៥០០ដុល្លារ ពេលខ្លួនបានខោអាវហើយ ខ្លួនក៏អោយជនរងគ្រោះ ចូលទៅក្នុងតូបច្រកខោអាវទៀត ឆ្លៀតពេលនោះខ្លួនក៏បើកម៉ូតូគេចខ្លួន ។
•លើកទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យបានបន្លំលួចខោអាវ ជនរងគ្រោះ ដោយអោយជនរងគ្រោះច្រកខោអាវហើយ រួចជិះម៉ូតូគេចខ្លួន ។
•លើកទី៣ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនបានចូលលួចខោអាវរបស់ជនរងគ្រោះ រួចគេចខ្លួនពិតប្រាកដមែន ដោយខោអាវដែលលួចបានខ្លួនយកដាក់លក់ជជុះក្នុងផ្សារលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងបាន ដកហូតវត្ថុតាង ម៉ូតូជនសង្ស័យដែលជិះធ្វើសកម្មភាព ចំនួន០១គ្រឿង សម្លៀកបំពាក់ចំនួន០២កំភ្លេរ។
ហើយសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើជាលទ្ធផលអវិជ្ជមាន ។
ប៉ុន្តែសមត្ថកិច្ចយើង នៅពុំទាន់បាននាំជនសង្ស័យ ទៅយកសំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩នៅឡើយទេ ។
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលពត៌មានតាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេបុក ដែលមានឈ្មោះ និមល កាត់ដេរ ដែលបានសរសេរបង្ហោះថា “បងប្អូនសូមប្រុងប្រយ័ត្នស្រ្តីម្នាក់នេះ វាបានមកហាងខ្ញុំ ទិញខោអាវ ពេលច្រករួចហើយ វាបានបញ្ឆោតអោយបុគ្គលិកខ្ញុំទៅយកបន្ថែមទៀត ហើយវាក៏បើកម៉ូតូរត់បាត់ ” ដោយមានភ្ជាប់រូបភាពស្រ្តីដែលជាជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលមានពាក់ផ្លាកលេខ សៀមរាប1AM-6355 ។
ក្រោយពីទទួលបានពត៌មាននេះហើយ សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកជនរងគ្រោះ ខុន និមល ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឲ្យដាក់ពាក្យបណ្តឹង។
ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង០៧ និង ៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅតូបរបស់ខ្លួន ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានជនសង្ស័យដែលខ្លួនសរសេរក្នុងគណនេយ្យហ្វេសបុក បានបន្លំលួចខោអាវ ដូចដែលខ្លួនបានរៀបរាប់ក្នុងហ្វេសបុក។ បន្ទាប់ពីធ្វើការខាត់ខ្លួន និងសួរនាំសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង