Banner KNP Detail Top

តាលីបង់ ចេញច្បាប់ថ្មី លែងឱ្យស្ត្រីនៅអាហ្វហ្គានីស្ថានរៀនថ្នាក់មហាវិទ្យាល័យតទៅទៀត

រដ្ឋាភិបាល​តាលីបង់ បាន​ដាក់​ចេញ​ច្បាប់​ថ្មី ហាមប្រាម​សិស្ស​ស្រី​នៅ​អាហ្វហ្គានីស្ថាន​ឱ្យ​រៀន​ថ្នាក់​មហាវិទ្យាល័យ​ត​ទៅ​ទៀត។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​នៃ​រដ្ឋាភិបាល​តាលីបង់ បាន​ចេញ​លិខិត​ប្រកាស​ដល់​សាលា​រដ្ឋ និង ឯកជន​ទាំង​អស់ រួម​ទាំង​មហាវិទ្យាល័យ​នានា​ផង​ដែរ​ថា ៖«អ្នក​ដែល​ត្រូវ​បាន​ជូន​ដំណឹង​នេះ នឹង​ត្រូវ​អនុវត្ត​លើ​ការ​ផ្អាក​ការ​សិក្សា​សម្រាប់​ស្ត្រីៗ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​នៅ​ពេល​ក្រោយ»។

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា ការ​ហាមប្រាម​ការ​សិក្សា​ថ្នាក់​ខ្ពស់​សម្រាប់​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ត្រឹម​ពេល​មិន​ដល់ ៣ ខែ​ផង ក្រោយ​សិស្ស​ស្រី​រាប់ពាន់​នាក់ នាំ​គ្នា​ទៅ​ប្រឡង​ចូល​មហាវិទ្យាល័យ​នោះ។ ភាគច្រើន​នៃ​ស្ត្រី​ទាំង​នោះ គឺ​ចាប់​យក​ជំនាញ​វិស្វករ សិល្បៈ និង ខាង​ពេទ្យ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​មុន មហាវិទ្យាល័យ​នានា​នៅ​អាហ្វហ្គានីស្ថាន បាន​ដាក់​ចេញ​ច្បាប់​វិន័យ​មួយ​ចំនួន​រួច​មក​ហើយ​ដូច​ជា បែងចែក​ថ្នាក់​រៀន​រវាង​សិស្ស​ប្រុស និង សិស្ស​ស្រី ឬ សិស្ស​ស្រី អនុញ្ញាត​ឱ្យ​រៀន​តែ​ជាមួយ​គ្រូ​ស្រី ឬ គ្រូ​ដែល​មាន​វ័យ​ចំណាស់​តែ​ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង