Banner KNP Detail Top

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស ៖ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជាការអនុវត្តច្បាប់ រឿងចេញសែកស្អុយ មិនមែនរឿងនយោបាយទេ

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស ៖ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជាការអនុវត្តច្បាប់ រឿងចេញសែកស្អុយ មិនមែនរឿងនយោបាយទេ


(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានគូសបញ្ជាក់បន្ថែមប្រាប់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធរឿងចេញសែកស្អុយ ពោលមិនមែនជារឿងនយោបាយទេ។
ការបញ្ជាក់បន្ថែមនេះ ធ្វើឡើងក្រោយការបកស្រាយម្តងហើយ កាលពីថ្ងៃទី២១ ខែមករាម្សិល ពាក់ព័ន្ធនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា «ចាប់ខ្លួនលោក ថាច់ សេដ្ឋា៖ ទូតអាមេរិក ជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិ ប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ»។
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ៖
* ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានធ្វើឡើងតាមដីការឃាត់ខ្លួន របស់តុលាការក្រុងភ្នំពេញ ក្រោមមូលហេតុការចេញសែកស្អុយមួយចំនួន ដែលជាករណីព្រហ្មទ័ណ្ឌសុទ្ធសាធ ពុំមានទាក់ទងនឹងបញ្ហានយោបាយសោះឡើយ។
* ការប្រតិបត្តិតាមច្បាប់ និងនីតិវិធីជាធរមាន និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះបទល្មើសព្រហ្មទណ្ឌ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពុំមានពាក់ព័ន្ធអ្វីឡើយ ជាមួយរាជរដ្ឋាភិបាល។ បុគ្គលណាក៏ដោយ ឬក្រុមណាមួយក៏ដោយ បើបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលរងនូវទណ្ឌកម្មផ្លូវច្បាប់។
សូមជម្រាបថា ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី២១ ខែមករាម្សិលមិញ បានចេញសេចក្តីបំភ្លឺថា មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។
សេចក្តីបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិក បានលើកឡើងក្នុងសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ ខែមករា ដោយជំរុញអាជ្ញាធរកម្ពុជាឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោតថ្នាក់ជាតិ ដែលជាការបញ្ចេញមតិប្រតិកម្មជាមួយការចាប់ខ្លួន លោក ថាច់ សេដ្ឋា។
តាមរយៈសេចក្តីថ្លែងការណ៍ដែល ទទួលបាន, ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា៖
* មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។
* លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង