Banner KNP Detail Top

ចាប់អគ្គនាយកក្រុមហ៊ុន ធីមប៊ីមេធ ពីបទ ចាយសែកគ្មានសាច់ប្រាក់ ប្រមាណ២៦ម៉ឺនដុល្លារអាមេរិក

ចាប់អគ្គនាយកក្រុមហ៊ុន ធីមប៊ីមេធ ពីបទ ចាយសែកគ្មានសាច់ប្រាក់ ប្រមាណ២៦ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអគ្គនាយកក្រុមហ៊ុន ធីមប៊ីមេធ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចាយសែកគ្មានសាច់ប្រាក់ប្រមាណ២៦ម៉ឺនដុល្លារអាមេរិក ។

ជនជាប់ចោទនេះ មានឈ្មោះ ពៅ កាល់ម៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ២ ផ្លូវលេខ៧ បុរីឡុងនី ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ មុខរបរ ជាអគ្គនាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោក ពៅ កាល់ម៉ែត អគ្គនាយកក្រុមហ៊ុនធីមប៊ីមេធ ខេមបូឌា បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ប្រមាណ២៦ម៉ឺនដុល្លារអាមេរិក។
ការចាប់បញ្ជូនខ្លួនលោក ពៅ កាល់ម៉ែត សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មោះ សេង សុធារ៉ា ភេទស្រី អមដោយមេធាវី លឹម លីណាំ ជាមេធាវីតំណាងដោយអាណត្តិ បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចពាក់ពន្ធលើឈ្មោះ ពៅ កាល់ម៉ែត ជំពាក់ប្រាក់ចំនួន ២៦៦ ៣០០ ដុល្លារអាមេរិក លុះពេលសងវិញចេញសែកស្អុយមួយសន្លឹក ដោយគ្មានសាច់ប្រាក់។
តាមពាក្យបណ្ដឹងរបស់មេធាវីម្ចាស់បំណុលបានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មោះ ពៅ កាល់ម៉ែត អគ្គនាយកក្រុមហ៊ុន ធីមប៊ីមេធ បានទៅខ្ចីប្រាក់ពីកូនក្ដីរបស់ខ្លួនចំនួន២៦៦ ៣០០ដុល្លារអាមេរិក លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ ពៅ កាល់ម៉ែត បានចេញមូលប្បទានប័ត្ររបស់ធនាគារអភិវឌ្ឍអាស៊ីចំកាត់ ឌេលមាន លេខ ៥១៥៥៥០ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ២៦៦ ៣០០ ដុល្លារអាមេរិក ប្រគល់ឲ្យម្ចាស់បំណុល លុះពេលដល់ថ្ងៃកំណត់ម្ចាស់ប្រាក់បានទៅបើក ស្រាប់តែខាងធនាគារឆ្លើយតបវិញថា «សែកស្អុយ»។
លោក ពៅ កាល់ម៉ែត អគ្គនាយកក្រុមហ៊ុនមួយនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនម្តងរួចមកហើយដែរ ពាក់ព័ន្ធតែរឿងចាយសែកស្អុយ ដែលការឃាត់ខ្លួនពេលនោះលោក ពៅ កាល់ម៉ែត បានដោះស្រាយបញ្ចប់ជាមួយភាគីដើមបណ្តឹង ទើបលោកអគ្គនាយកក្រុមហ៊ុន បានមានសេរីភាពវិញ។ លើកនេះមិនអាចបញ្ចប់បានទេ ដោយលោក ពៅ កាល់ម៉ែត គ្មានប្រាក់តម្កល់ខ្លួន ដើម្បីឲ្យម្ចាស់បំណុលគេជឿទុកចិត្ត ដូច្នោះមានតែផ្ញើប្រាណក្នុងពន្ធនាគារ PJ ជាបណ្តោះអាសន្ន ដោយរង់ចាំពេលវេលាបើកសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង