សម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃ ស ជាបណ្តោះអាសន្ន
សម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃ ស ជាបណ្តោះអាសន្ន
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ សម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស(ម២)ជាបណ្តោះអាសន្ន បន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ករណី.ឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី(មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន) ពោលគឺ ឆបោក និងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ការចាប់ខ្លួនមេតុងទីនខាងលើ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹង ជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិគឺលោកស្រី នួន មករា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត ។ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ក្នុងមូលប្បទានប័ត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង ។
នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពង់រៀបចំឯកសារពាក់ពន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ទៀត ។ ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុងទីន និងប្តី ដូចមានឈ្មោះខាងលើឲ្យបានតឹងរឹងបំផុត និងតាមផ្លូវច្បាប់ជាធរមានផងដែរ ៕