ឃាត់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្វាយរៀង
ឃាត់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្វាយរៀង
ខេត្តស្វាយរៀង ៖ នាថ្ងៃទី២៤ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យដែលឃាត់ខ្លួនមាន៖
ទី១-ឈ្មោះ ផូ ស៊ុនវ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២-ឈ្មោះ ហ្វឿង ទុនអាញ់ អាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៣-ឈ្មោះ ង្វៀង វ៉ាន់ណាញ់ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៤-ឈ្មោះ ង្វៀង ទឹងអាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន១៥កញ្ចប់ មានទម្ងន់ ៥,៧៥ក្រាម(គិតទាំងសបកវេចខ្ចប់), ម្សៅម៉ត់ពណ៌សសង្ស័យគ្រឿងញៀនចំនួន០៣ កញ្ចប់មានទម្ងន់ ១,៩៤ក្រាម(គិតទាំងសំបកវេចខ្ចប់), ថ្នាំពណ៌ផ្កាឈូកសង្ស័យគ្រឿងញៀនចំនួន ០១ កញ្ចប់ មានទម្ងន់ ០,៣៦ក្រាម (គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៨ គ្រាប់មានទម្ងន់ ៥,៧៥ក្រាម (គិតទាំងសំបកវេចខ្ចប់) និងទូរស័ព្ទដៃចំនួន ០៥ គ្រឿង។
ប្រភពបន្តថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់យកមកសាកសួរព្រមទាំងដកហូត វត្ថុតាងមួយចំនួនធំផងដែរ៕