ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់សោទ្វារបន្ទប់ដាក់ម៉ូតូ ក្នុងផ្ទះជួល ចូលលួចម៉ូតូអស់ចំនួន៣គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព
ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់សោទ្វារបន្ទប់ដាក់ម៉ូតូ ក្នុងផ្ទះជួល ចូលលួចម៉ូតូអស់ចំនួន៣គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជារៀងរាល់ថ្ងៃក្នុងបន្ទប់ដែលសំរាប់ដាក់ម៉ូតូនោះ គឺមានម៉ូតូជិត១០គ្រឿងទុកនៅក្នុងនោះ កន្លងមកក៏មិនធ្លាប់មានបញ្ហាអ្វីនោះទេ។ នៅយប់ថ្ងៃកើតហេតុ គឺមានម្ចាស់បន្ទប់ជួលបានយកម៉ូតូទៅចតនៅក្នុងបន្ទប់នោះ រួចក៏បិទទ្វារចាក់សោពីខាងក្នុង។ លុះដល់វេលាកើតហេតុ ក៏មានបុរសម្នាក់ដែលជាអ្នកស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ទើបតែចេញពីធ្វើការបានជិះម៉ូតូបំរុងយកទុកនៅក្នុងបន្ទប់ដាក់ម៉ូតូនោះ តែខណៈពេលនោះក៏ស្រាប់តែឃើញទ្វារបន្ទប់នោះចំហ និងឃើញមានបំណែកសោធ្លាក់រាយប៉ាយពេញដី ក៏បានឡើងទៅប្រាប់ម្ចាស់បន្ទប់នីមួយៗអោយចុះមកមើលថាតើមាននរណាបាត់បង់ម៉ូតូឬអត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះកើតហេតុទើបតែសាងសង់បានរយៈពេលប្រមាណជាពីរខែប៉ុណ្ណោះ។ ដោយសាងសង់ជាបន្ទប់ជួលចំនួន៣ជាន់ និងមានបន្ទប់មួយនៅជាន់ផ្ទាល់ដី ដែលជាបន្ទប់សំរាប់ដាក់ម៉ូតូរបស់អ្នកជួលបន្ទប់ ហើយម្ចាស់បន្ទប់ជួលដែលមានម៉ូតូគឺម្ចាស់ផ្ទះចែកកូនសោបន្ទប់ដែលសំរាប់ដាក់ម៉ូតូនោះម្នាក់មួយ ដើម្បីចាក់សោដោយខ្លួនឯងពេលដែលទៅដាក់នៅក្នុងបន្ទប់នោះ។
បន្ទាប់ពីម្ចាស់បន្ទប់នីមួយៗបានចុះមកមើលទើបដឹងថាបាត់ម៉ូតូអស់ចំនួន៣គ្រឿង ហើយម៉ូតូដែលបានបាត់មានរួមមាន ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-3118 ២-ម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1P-5289 និង៣-ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9589 ។ សមត្ថកិច្ចមូលដ្ឋានក៏បានចុះធ្វើការអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅធ្វើការដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕