Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ករណីលួចយកក្រវិលកំប៉ុងស្រាបៀរជិត៥,០០០ក្រវិល ទូរស័ព្ទមួយគ្រឿង និងលុយប្រមាណ១០លានរៀល កាលពីជាងកន្លះខែមុន

សមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ករណីលួចយកក្រវិលកំប៉ុងស្រាបៀរជិត៥,០០០ក្រវិល ទូរស័ព្ទមួយគ្រឿង និងលុយប្រមាណ១០លានរៀល កាលពីជាងកន្លះខែមុន


ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ធី ភារុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល។ ជនសង្ស័យនេះ ត្រូវបានកម្លាំងអធិការស្រុករតនមណ្ឌល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីសង្ស័យថា បានចូលលួចយកក្រវិលកំប៉ុងស្រាបៀរជិត៥,០០០ក្រវិល ទូរស័ព្ទមួយគ្រឿង និងប្រាក់ចំនួន១០លានរៀល នៅក្នុងផ្ទះលក់ដូរមួយកន្លែង ស្ថិតនៅម្ដុំផ្សារស្ដៅ ក្នុងស្រុករតនមណ្ឌល។ ប៉ុន្ដែជននេះ បានបដិសេធចំពោះការចោទប្រកាន់ បើទោះជាមានការអះអាងយ៉ាងជាក់លាក់ពីសាក្សី និងរូបភាពជននេះជាប់ក្នុងកាមេរ៉ាសុវត្ថិភាពក្ដី។
ក្រោយជាប់សង្ស័យថា បានលួចយកក្រវិលកំប៉ុងស្រាបៀរជិត៥,០០០ក្រវិល ទូរស័ព្ទមួយគ្រឿង និងប្រាក់សុទ្ធប្រមាណ១០លានរៀលកាលពីជាងកន្លះខែមុននោះ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ដោយយោងលើការចង្អុលបង្ហាញពីសាក្សី និងកាមេរ៉ាសុវត្ថិភាព។

កាលពីវេលាម៉ោង២និង៣៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូលលួចនៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ មួន យ៉ារួន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរលក់ដូរ នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល។ សកម្មភាពប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់បានបំពាក់។ ហើយជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ចោរបានលួចយកនូវទូរស័ព្ទមួយគ្រឿងតំលៃ២០០ដុល្លារ ក្រវិលកំប៉ុងស្រាបៀរចំនួន៤,៨០០ក្រវិល និងប្រាក់សុទ្ធចំនួន១០លានរៀល។
ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មន្ត្រីជំនាញក៏បានធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនតែម្ដង។ សមត្ថកិច្ចបានអះអាងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងទៅលើការចង្អុលបង្ហាញពីសាក្សី ភស្ដុតាង និងភិនភាពរបស់ជនសង្ស័យដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព។
សមត្ថកិច្ចបានបង្ហាញភស្ដុតាង ឬសាក្សី ឬមួយក៏រូបភាពពីកាមេរ៉ាសុវត្ថិភាព ដើម្បីដាក់បន្ទុកក្តី តែជនសង្ស័យរូបនេះ មិនបានសារភាពទទួលខុសត្រូវឡើយ។ តែយ៉ាងណាក្តី លោកស្នងការខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យរូបនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង