Banner KNP Detail Top

ដំណោះស្រាយនេះ អាចទទួលយកបានហើយ ព្រះមន្ត្រីសង្ឃ និងមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ច បានឯកភាពគ្នា នៅបន្ទាយមានជ័យ

ដំណោះស្រាយនេះ អាចទទួលយកបានហើយ ព្រះមន្ត្រីសង្ឃ និងមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ច បានឯកភាពគ្នា នៅបន្ទាយមានជ័យ


បន្ទាយមានជ័យៈ អធិករណ៍ដ៏តានតឹង និងស៊ីពេលវេលាយូរក្រែលមួយ នៅវត្តសុវណ្ណគង្គារធារាម ចារថ្មី ស្ថិតនៅក្នងឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី បានត្រូវមន្ត្រី សង្ឃជាន់ខ្ពស់ខេត្ត និងក្រុមមន្ត្រីនៃរដ្ឋបាល ខេត្តបន្ទាយមានជ័យ បាននិមន្ត និងអញ្ជើញ ចូលរួមដំណោះស្រាយ តាមវិធីសម្របសម្រួល ភាគីអធិករណ៍ទាំងសងខាង ដោយបានឱ្យ រក្សាទុកបន្ត ចៅអធិការវត្តដដែល ក៏ប៉ុន្តែមានល័ក្ខខ័ណ្ឌឱ្យកែប្រែ ឈប់ប្រព្រឹត្តិនូវសកម្ម ភាពមួយចំនួន ដែលមន្ត្រីសង្ឃ អាជ្ញាធរ និងមន្ត្រីជំនាញធម្មការ ចាត់ទុកថា ជាកំហុស ឆ្គងនោះ។
ដំណើរការនៃការដោះស្រាយ ការសម្របសម្រួលអធិករណ៍នោះ បានធ្វើឡើងនៅ សាលប្រជុំពុទ្ធិកៈវិទ្យាល័យ សម្តេច ជា ស៊ីម នាវត្តចមសទ្ធាវាស (ស្វាយចាស់) ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមាន ដឹកនាំដោយព្រះគ្រូវិជ័យមុនី ធុល សូធា ព្រះគណខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត និងមានការចូលរួមដោយ ព្រះមន្ត្រីសង្ឃ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា មន្ត្រីជំនាញ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ ទាំងខាងគាំទ្រ និងទាំងខាងមិនគាំទ្រ ព្រះតេជគុណមេវត្តនោះ។
ក្រោយពីភាគីទំនាស់ ទាំងព្រះសង្ឃ ទាំងអាចារ្យ គណ:កម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសាច់ញាតិ បានលើកឡើងពីប្រវត្តិ មូលហេតុនៃអធិករណ៍រួចមកនោះ ព្រះគ្រូវិជ័យមុនី ធុល សូធា ដោយមានការឯកភាពផងដែរ ពីលោកអភិបាលរងខេត្ត និងប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា បានដាក់ល័ក្ខខ័ណ្ឌចំនួន ៧ ចំណុច ដល់ព្រះតេជគុណ ម៉ៃ ផល្លា សម្រាប់អនុវត្ត ដូចខាងក្រោម៖
១-ប្រគេនភារកិច្ចដល់ព្រះតេជគុណ ម៉ៃ ផល្លា ជាតំណាងគណៈសង្ឃវត្ត ទទួលដឹកនាំ គ្រប់គ្រងវត្តសុវណ្ណគង្គារធារាម ចារថ្មី ជាបន្ត ។
២-វត្តនេះ ស្ថិតក្រោមការស៊ើបអង្កេត តាមដាន ត្រួតពិនិត្យរបស់មន្ត្រីសង្ឃ គ្រប់ឋានានុក្រម និងអាជ្ញាធមានសមត្ថកិច្ចពាក់ព័ន្ធ។
៣-ត្រូវគោរពតាមការណែនាំ របស់ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម និងធ្វើការទំនាក់ទំនង ជាមួយសាលាគណ សាលាអនុគណ និងអាជ្ញាធរពាក់ព័ន្ធ ។
៤-មិនត្រូវជេរប្រមាថព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំអាជ្ញាធារសាធារណ: ។
៥- ថវិកាវត្តត្រូវទុកដាក់ក្នុងធនាគារ ឬគណនេយ្យករ ដោយមានការឯកភាពគ្នា រវាងចៅអធិការ អាចារ្យ គណៈកម្មការ ។
៦-មិនត្រូវបង្កបាតុភាព ឬផ្សព្វផ្សាយ Live Video សកម្មភាពផ្សេងៗ តាមបណ្តាញ ទំនាក់ទំនងសង្គម ដែលនាំឱ្យប៉ះពាល់វត្តអារាម ព្រះពុទ្ធសាសនា ។
៧-ត្រូវធ្វើជាមនុស្សល្អ និងប្រើប្រាស់អាកប្បកិរិយា សីលធម៌ ឱ្យបានសមរម្យ។
លិខិតលាយល័ក្ខអក្សរ ដែលសរសេរដោយដៃនោះ បានផ្តិតមេដៃ ដោយព្រះតេជគុណ ម៉ៃ ផល្លា ព្រះគ្រូចៅអធិការ វត្តសុវណ្ណគង្គារធារាម ចារថ្មី, លោក ម៉ៅ សំអុន មេឃុំគោបល្ល័ង្ក , អ្នកស្រី សៅ វន អ្នកស្រី រស់ សុជាតិ និងអ្នកស្រី រ៉ែម ផារី ដែលជាអ្នកខាងភាគីគាំទ្រ ព្រះតេជគុណចៅអធិការវត្ត ។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ និងប្រធានមន្ត្រីអ្នកនាំពាក្យ សាលាខេត្ត បានឱ្យដឹងថាៈ ប្រធាន និងមន្ត្រីភាគីពាក់ព័ន្ធ សង្ឃឹមថា ភាគីទំនាស់ យល់ថា ដំណោះស្រាយនេះ អាចទទួលយកបាន ហើយព្រះមន្ត្រីសង្ឃ និងមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ច បានឯកភាពគ្នា លើខ្លឹមសារ ដូចល័ក្ខខ័ណ្ឌ ដូចខាងលើ ។
សូមរំលឹកថា អធិករណ៍នោះ បានបង្កឱ្យសាច់ញាតិ ពលរដ្ឋ និងពុទ្ធបរិស័ទ ៨ ភូមិ ក្នុងឃុំ បានបែកបាក់សាមគ្គី លែងឯកភាព និងកាន់ជើងភាគីទំនាស់ (ម្ខាងជាចៅអធិការវត្ត ព្រះសង្ឃ ញោមញាតិ និងម្ខាងទៀត ជាអាចារ្យ គណៈកម្មការ មេឃុំ ញោមញាតិ ពុទ្ធបរិស័ទ ។ ភាគីទំនាស់ បានប្រើប្រាស់មធ្យោបាយឃោសនានានា ទម្លាយរឿងអាស្រូវ រិះគន់ វាយប្រហារគ្នា។
ជាចុងក្រោយនេះ ព្រះគ្រូចៅអធិការវត្ត បាននិមន្តទៅពិតសង្ឃដីកាថ្វាយសម្តេចព្រះសង្ឃ នាយករង ហើយសម្តេច បានបិណ្ឌបាត្រ ទម្លាក់រឿងវិវាទនេះ មកឱ្យថ្នាក់ខេត្ត នៃមេគណខេត្ត អាជ្ញាធរ មន្ទីរធម្មការ និងកិច្ចសាសនាខេត្ត សម្របសម្រួល ដោះស្រាយ បញ្ចប់អធិករណ៍ ។ កន្លងមក ករណីនេះ មានការសម្របសម្រួល ដោះស្រាយរួចមកហើយ ដែរ ប៉ុន្តែភាគីទំនាស់ ពិសេសគឺ ព្រះតេជគុណ ម៉ៃ ផល្លា មិនអនុវត្តតាម ហើយមុនប៉ុន្មាន ថ្ងៃចុងក្រោយនេះ ភាគីខាងសាលាអនុគណស្រុក មេឃុំ អាចារ្យ គណៈកម្មការ ព្រះសង្ឃ ខ្លះ បានដាក់សម្ពាធឱ្យរំសាយអាចារ្យ គណៈកម្មការវត្ត ព្រះសង្ឃ ទាំងអស់តែម្តង ។ ពេលវេលាចុងក្រោយនេះ ត្រូវបានបង្កើតគណៈកម្មការ គ្រប់គ្រង ពិនិត្យ សម្រេចមើល គុណសម្បត្តិ ដើម្បីទទួលព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង