Banner KNP Detail Top

គ្រួសារចំនួន៣នៅក្រុងប៉ោយប៉ែត ៖ ពួកគាត់បានបាត់សមាជិកខ្លួន ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូ កាលពីពេលកន្លងមក

គ្រួសារចំនួន៣នៅក្រុងប៉ោយប៉ែត ៖ ពួកគាត់បានបាត់សមាជិកខ្លួន ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូ កាលពីពេលកន្លងមក

ខេត្តបន្ទាយមានជ័យ ៖ គ្រួសាទី១-ប្តីឈ្មោះសំសៀត អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះលីន រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ គ្រួសានេះនិយាយថា កូនស្រីបង្កើតរបស់គាត់ឈ្មោះសំ ស្រីមុំ អាយុ៣៣ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យនៅកាស៊ីណូហ្គ្រេន ដាយម៉ឹនស៊ីធី បានបាត់ខ្លួនតាំងពីយប់ទី២៨ ធ្នូ ២០២២ ដែលជាថ្ងៃអគ្គិភ័យបានឆាបឆេះកាស៊ីណូនោះមកទល់ពេលនេះ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយទេ បន្សល់ទុកកូនប្រុសស្រី៣នាក់ ឲ្យបុរសជាប្តីជាជនពិការ និងពួកគាត់ជាតាយាយមើលថែនឹងចិញ្ចឹមបីបាច់ទាំងលំបាក។
គ្រួសាទី២-ប្តីឈ្មោះហៀង ប៊ុននឿន អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះសំ សូនី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ប្អូនស្រីរបស់គាត់(ប្អូនស្រីបង្កើតខាងប្រពន្ធ)ឈ្មោះអឿ ធី ជាបុគ្គលឹកកាស៊ីណូហ្គ្រេន ដាយមិនស៊ីធី ផ្នែកអនាម័យបានបាត់ខ្លួនតាំងពីយប់អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយដែរ។
គ្រួសាទី៣-ប្តីឈ្មោះផល រ៉េត អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះឃុត រ៉ានី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត បានប្រាប់ថា ក្មួយគាត់(ក្មួយបង្កើតខាងប្តី) ឈ្មោះកែវ វិសុទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូខាងលើ បានបាត់ខ្លួនទាំងមនុស្សទាំងម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០២២មួយគ្រឿង តាំងពីយប់ដែលមានអគ្គិភ័យឆាបឆេះកាស៊ីណូដូចគ្នា។ ឈ្មោះឃឹម វង្ស អាយុ៣២ឆ្នាំ ជាប្តីស្ត្រីរងគ្រោះនៃគ្រួសាទី១(សំស្រីមុំ)ប្រាប់ថា មុនហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ ប្រពន្ធគាត់បានចេញទៅធ្វើការដូចសព្វមួយដងគឺចូលម៉ោង៨យប់ចេញម៉ោង៨ព្រឹក ប៉ុន្តែបាត់ខ្លួនតាំងពីយប់នោះមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ។
ក្រោយហេតុការណ៍កើតឡើងប្រហែល១០ថ្ងៃ មានមនុស្ស៣នាក់ ថៃ២នាក់ ខ្មែរម្នាក់ បានទៅផ្ទះគាត់ដោយយកប្រាក់ឲ្យចំនួន១ម៉ឺនប្រាំពាន់បាត ដោយនិយាយថា ជាប្រាក់ចូលរួមរំលែកទុក្ខនឹងឲ្យទិញទឹកដោះគោឲ្យកូនស្រីតូច ។ ចំណែកគ្រួសាទី២និយាយថា ក្រោយហេតុការណ៍អគ្គិភ័យកើតឡើងនឹងដោយសារមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះសង្ស័យថា ស្លាប់សាច់ញាតិបានចាត់ចែងធ្វើបុណ្យ។ ក្រោយហេតុការណ៍ឆាបឆេះកាស៊ីណូនឹងបាត់សមាជិកខ្លួនពួកគាត់បានទៅដាក់ពាក្យបណ្តឹងទាមទារឲ្យអាជ្ញាធរនឹងសមត្ថកិច្ចជួយស្វែងរកសាច់ញាតិនឹងទាមទាររកយុត្តិធម៍រួចហើយ។
ដ្បិតគ្រួសាទី១នឹងទី២អះអាងថា ទទួលបានថវិកាមួយចំនួនពីជនជាតិថៃ សង្ស័យតំណាងឲ្យក្រុមហ៊ុនកាស៊ីណូដែលរងការឆាបឆេះ ប៉ុន្តែពួកគាត់ពិសេសគ្រួសាទី៣ផង សុំអំពាវនាវដល់រាជរដ្ឋាភិបាលជួយរកយុត្តិធម៌ពោល គឺចង់បានសំណងសមរម្យ ព្រោះសមាជិកគ្រួសារពួកគាត់បាត់ខ្លួនក្នុងម៉ោងការងារ ។ មិនតែប៉ុណ្ណោះ ពូមីងជនរងគ្រោះទី៣និយាយថា តាំងពីករណីអគ្គិភ័យកើតឡើងមកដល់ពេលនេះ ប្រពន្ធជនរងគ្រោះនៅតែបន្តស្វះស្វែងរកយុត្តិធម៌នៅឡើយ ហើយប្រាប់ពួកគាត់ថា នាងមិនទាន់ទទួលបានសំណងអ្វីទាំងអស់។
ជុំវិញករណីនេះ សារព័ត៌មានមិនអាចទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូដែលរងកាឆាបឆេះសុំកាបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ដោយឡែក លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ឲ្យដឹងថា ពិតជាមានពលរដ្ឋមួយចំនួនបានដាក់ពាក្យបណ្តឹងទាមទារឲ្យអាជ្ញាធរនឹងសមត្ថកិច្ចជួយស្វែងរកសាមាជិកខ្លួនដែលអះអាងថា បាត់ក្នុងហេតុការណ៍អគ្គីភ័យឆេះកាស៊ីណូនាពេលកន្លងមកមែន ប៉ុន្តែលោកថាពេលនេះ ថ្នាក់ដឹកនាំក្នុងខេត្តដែលបានបង្កើតគណៈកម្មការកំពុងបន្តស្រាវជ្រាវយ៉ាងសស្រាក់សស្រាំនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង