Banner KNP Detail Top

ឃាត់ខ្លួនបុរស ៣នាក់ ដោយដឹកជញ្ជូន និងរក្សាទុកអនុផលព្រៃឈើវល្លិរមៀត ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត

កោះកុង ៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ឃាត់ខ្លួនបុរស ៣នាក់ ដោយដឹកជញ្ជូន និងរក្សាទុកអនុផលព្រៃឈើវល្លិរមៀត ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត។
បុរសឈ្មោះ ហ៊ាង ហាក់មុន្នី ជាម្ចាស់ទទួលខុសត្រូវលើការដឹកជញ្ចូនចំណិតវល្លិរមៀតស្ងួតទម្ងន់ ៤៥៥ គីឡូក្រាមគ្មានច្បាប់អនុញ្ញាត តាមរយៈរថយន្តចំនួន ១ គ្រឿង ម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង 2C-6579។
ក្រោយស្ដាប់ចម្លើយរួចមក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រុមមន្ត្រីមានសមត្ថកិច្ច បានបន្តចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ សុខ វី ភេទប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះ ប៉ាក ញ៉ាន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ទន្ទឹមនោះ ក៏បន្តរកឃើញបន្ថែមនូវចំណិតវល្លិរមៀតស្ងួតទម្ងន់ ៥០ គីឡូក្រាម និងវល្លិរមៀតស្រស់ ចំនួន ១២ បាច់។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ ក៏បន្តបញ្ចូនសំណុំរឿងចោទប្រកាន់ជនទាំង ៣នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធី។ ក្រសួងបរិស្ថាន ចាត់ទុកថា ការកែច្នៃវល្លិរមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ និងច្បាប់ ស្តីពី ព្រៃឈើ ត្រង់មាត្រា ៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី ១។ ព្រោះវល្លិរមៀត គេយល់ថា សារធាតុម៉្យាងអាចកែច្នៃធ្វើជាគ្រឿងញៀនដែលច្បាប់ហាមឃាត់៕

អត្ថបទដែលជាប់ទាក់ទង