Banner KNP Detail Top

វិបត្តិនៅពាក់កណ្តាលជីវិត ៖ តើមានតែខ្ញុំម្នាក់ឯង ឬដែលមានវិបត្តិនេះ?

វិបត្តិនៅពាក់កណ្តាលជីវិត ៖ តើមានតែខ្ញុំម្នាក់ឯង ឬដែលមានវិបត្តិនេះ?


អាយុពាក់កណ្តាលជីវិតគឺមានន័យទៅតាមការគិតរបស់បុគ្គលម្នាក់ៗ។ តាមអ្វីដែលខ្ញុំគិត អាយុពាក់កណ្តាលជីវិតគឺជាពេលដែល “មនុស្សម្នាក់ស្ថិតនៅចន្លោះវ័យជំទង់ និងវ័យចំណាស់”។ អ្នកអាចយល់ឃើញផ្សេងពីនេះ។ ប៉ុន្តែ តាមការយល់ដឹងរបស់ខ្ញុំ វាកើតឡើង នៅពេលយើងអាយុ២០ប្លាយ ដល់អាយុ៤០ប្លាយ។
មិនថាយើងមាន ឬគ្មានវិបត្តិនៅអាយុពាក់កណ្តាលជីវិតក្តី ពាក់កណ្តាលជីវិតមនុស្សពិតជាពេលវេលាដ៏លំបាកសម្រាប់មនុស្សជាច្រើន។ ហេតុផលទូទៅមួយដែលអ្នកចិត្តសាស្រ្តជាច្រើនបានហៅថា “វ័យពី៤០ ទៅជិត៦០ឆ្នាំ” គឺត្រូវចិញ្ចឹមបីបាច់កូន ថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់ ខណៈពេលដែលអ្នកកំពុងព្យាយាមឱ្យមានតុល្យភាពកិច្ចការទាំងនេះជាមួយនឹងការយកចិត្តទុកដាក់លើខ្លួនឯង។ បន្ទុកនៃការមើលថែអាចកាន់តែធ្ងន់ធ្ងរថែមទៀត សម្រាប់អ្នកដែលមានពេលវេលាតិច ឬធនធានហិរញ្ញវត្ថុមានកម្រិត។ បញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ដោយសារការផ្លាស់ប្តូរផ្ទាល់ខ្លួន គឺការសង្កេត និងការយល់ដឹងរបស់អ្នក ពីព្រោះកម្លាំង និងជំនាញដែលអ្នកមានពីមុនចាប់ផ្តើមធ្លាក់ចុះជាលំដាប់។
ទោះជាយ៉ាងណាក៏ដោយ អ្នកអាចធ្វើការដើម្បីកាត់បន្ថយវិបត្តិនៅពាក់កណ្តាលជីវិត ដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃចំនួនពីរទាក់ទងពីរបៀបនៃការគិតអំពីអាយុពាក់កណ្តាលជីវិត។
ការសម្រេចចិត្តទីមួយ៖ សូមជ្រើសរើសផ្តោតលើអ្វីដែលអាយុពាក់កណ្តាលជីវិតនេះផ្តល់ឱ្យអ្នក មិនមែនអ្វីដែលអ្នកបាត់បង់នោះទេ។ ចំណុចទាំងនេះរួមបញ្ចូលការពង្រីកសមត្ថភាពក្នុងការទទួលយកថា យើងនឹងមានភាពរីកចម្រើនខាងផ្លូវចិត្ត ជាមួយនឹងបទពិសោធជីវិតយូរជាងនេះ។ អ្នកអាចចែករំលែក និងបង្រៀនមនុស្សជំនាន់ក្រោយឲ្យយល់ពីចំណុចស្មុគស្មាញទាំងនេះ។ ការពិតនោះគឺគ្មាននរណាម្នាក់កាន់តែក្មេងជាងវ័យនោះទេ។ ម្យ៉ាងវិញទៀត ជាការពិតដែរថាអ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតតែម្នាក់ឯងនោះទេ។
ការសម្រេចចិត្តទីពីរ៖ ជ្រើសរើសការដកចេញនូវអ្វីមួយ ជាជាងការបន្ថែម។ កាលនៅវ័យក្មេង ភាពជោគជ័យជាធម្មតាកើតចេញពីការបន្ថែម៖ ប្រាក់កាន់តែច្រើន ការទទួលខុសត្រូវកាន់តែច្រើន ទំនាក់ទំនងកាន់តែច្រើន ទ្រព្យសម្បត្តិកាន់តែច្រើន។ ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកចូលពាក់កណ្តាលជីវិត អ្នកគួរតែបន្ថយល្បឿនក្នុងការបូកបន្ថែមមុខងារ និងកិច្ចការមិនចាំបាច់ ហើយងាកមកផ្តោតអារម្មណ៍លើកាតព្វកិច្ចដែលអ្នកកំពុងមាន។ គតិនេះនឹងជួយអ្នកឱ្យធ្វើការលើតុល្យភាព និងកំណត់អាទិភាពលើរឿងសំខាន់ៗ ដូចជា ការមមាញឹកលើជីវិតផ្ទាល់ខ្លួន គ្រួសារ កម្លាំងកាយ ភាពស្មុគស្មាញនៃការងារ ហើយជាការពិតណាស់ ការគេងឱ្យបានគ្រប់គ្រាន់។ ជាថ្មីម្តងទៀត អ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតម្នាក់ឯងនោះទេ។
ជាការពិត សម្រាប់មនុស្សភាគច្រើន ជីវិតកាន់តែប្រសើរឡើង ដោយពេលចាប់ផ្តើមពីវ័យកណ្តាល។ ជាច្រើនឆ្នាំក្រោយការឈានចូលវ័យកណ្តាល ជាមួយនឹងការរៀបចំជីវិត យើងអាចទទួលបានសុភមង្គលជាងមុន មានភាពបត់បែនក្នុងជីវិតជាងមុន មានគតិបណ្ឌិតថ្មី មានពិសោធន៍ច្រើនជាងមុន និងមនសិការល្អៗកាន់តែច្រើន។ អ្នកនឹងប្រឈមមុខនឹងការលំបាក និងឧបសគ្គដោយចៀសមិនផុត ដូចនៅចំណុចផ្សេងទៀតក្នុងជីវិតរបស់អ្នកដែរ។ ប៉ុន្តែប្រសិនបើអ្នកធ្វើការជ្រើសរើសត្រឹមត្រូវ អាយុពាក់កណ្តាលជីវិតអាចជាឱកាសដ៏ល្អបំផុត ដូចអ្វីដែលយើងធ្លាប់ឮថា “អារម្មណ៍២០ឆ្នាំក្នុងវ័យ៣០”។ ប៉ុន្តែ ខ្ញុំមានឃ្លាមួយទៀតគឺ “អារម្មណ៍២០ឆ្នាំក្នុងវ័យកណ្តាល”៕

អត្ថបទដែលជាប់ទាក់ទង