រឿងកាន់តែធំហើយ! ដល់ថ្នាក់មន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទ ប្តឹង លោក ភួង សោភា និងលោកអ៊ុក ពញ្ញា ទៅអង្គភាពប្រឆាំងអំពើពុករលួយ
រឿងកាន់តែធំហើយ! ដល់ថ្នាក់មន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទ ប្តឹង លោក ភួង សោភា និងលោកអ៊ុក ពញ្ញា ទៅអង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មាន បានទទួល និងមានគេហទំព័រ ជាច្រើនបានផ្សព្វផ្សាយជុំវិញបញ្ហានេះ ។ ចាត់ទុកថាមន្ត្រីរាជការ ស្រឡាញ់ ភាពយុត្តិធម៌ តម្លាភាព អនុវត្តការងារ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយអាចមានភាពមិនប្រក្រតីណាមួយ នៅក្រសួងអភិវឌ្ឍន៍ជនបទ ទើបមន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។
សូមបញ្ជាក់ជូនថា, យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូនលោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។
នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន លោកកិត្តិនីតិកោសលបណ្ឌិតថា “ចាប់តាំងពីលោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖
១- លោក ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។
២-លោក អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។
៣-លោកស្រី គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់លោក ភួង សោភា ដែលជារដ្ឋលេខាធិការ និងជាប្អូនថ្លៃ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។
៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។
ក្នុងពាក្យបណ្តឹងបានបន្តថា, យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ លោកកិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ លោក ភួង សោភា ជារដ្ឋលេខាធិការ និងលោក អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត ។
ទោះជាភាពមិនប្រក្រតីនេះ បាននឹងកំពុងកើតមាន ឈានដល់សំណូមពរដល់ អង្គភាព ប្រឆាំងអំពើពុករលួយ មេត្តា ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីស្វែងរកការពិតនោះយ៉ាងនេះ ក៏ដោយ ក៏មិនទាន់ទទួលបានការ បកស្រាយពីសាមុីខ្លួន ឬបញ្ជាក់ពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នៅឡើយ មកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈមិនអាចធ្វើការទំនាក់ទំនង ទៅភាគីឈ្មោះពាក់ព័ន្ធ និងអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទមិនបាន ដោយគ្មានលេខទូរស័ព្ទ ៕