ក្មេងទំនើង៤នាក់ ពាក់ព័ន្ធករណីបង្កហិង្សា សម្រេចឃុំខ្លួនដាក់ពន្ធនគារហើយ
ក្មេងទំនើង៤នាក់ ពាក់ព័ន្ធករណីបង្កហិង្សា សម្រេចឃុំខ្លួនដាក់ពន្ធនគារហើយ
(សៀមរាប)៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បញ្ជូនក្មេងទំនើងប្រុសស្រី៤នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីធ្វេីការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវកៅស៊ូមុខស្ថានីយសាំងយីហោ LXR វត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពួកគេធ្វើសកម្មភាពកាប់គ្នាផ្អើលពេញក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុជនបង្កបានឲ្យមិត្តរបស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាជនរងគ្រោះ តាមរយៈហ្វេសប៊ុកឲ្យមកទទួលមុខស្ថានីយសាំងយីហោ LXR វត្តបូព៌ ចេញទៅហូបអីជុំគ្នានៅចំណុចបឹងកាឡូ។
ក្នុងនោះជនបង្កបានត្រៀមកាំបិត និងខ្សែក្រវ៉ាត់រួចជាស្រេច។ លុះដល់វេលាម៉ោង២២៖៣០នាទីយប់ថ្ងៃដដែល ស្រាប់តែជនរងគ្រោះ បើកម៉ូតូម៉ាកទ្រីមម្នាក់ឯងមកដល់ទីតាំងខាងលើ។ ភ្លាមនោះជនបង្ក និងបក្ខពួក២នាក់ទៀត បានដេញកាប់ជនរងគ្រោះតែគេឃើញទាន់ក៏ផ្តួលម៉ូតូរត់តែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក ស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមក្មេងទំនើងប្រុសស្រីទាំង៤នាក់ជាបន្តបន្ទាប់ យកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតចំនួន២ដើម ដំបងដែកទីប១ដើម ខ្សែក្រវ៉ាត់ចំនួន១ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បើតាមចម្លើយសារភាពរបស់ជនបង្ក មូលហេតុដែលបណ្ដាលឲ្យកើតមានករណីនេះ គឺដោយសារតែជនរងគ្រោះ បានទាក់ទង (ឆាតញ៉ែ) មិត្តស្រីរបស់ខ្លួន។
ជនសង្ស័យប្រុសស្រីទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហើយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនអ្នកទាំង៤ ដាក់ពន្ធនាគារបណ្ដោះអាសន្នផងដែរ៕