Banner KNP Detail Top

តារាកំប្លែងនាង ខ្ញុង បានត្រឡប់មកពង្រឹងអាជីពសិល្បៈជាថ្មីឡើងវិញ ក្រោមផ្អឹបការងារនេះមួយរយៈ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ

តារាកំប្លែងនាង ខ្ញុង បានត្រឡប់មកពង្រឹងអាជីពសិល្បៈជាថ្មីឡើងវិញ ក្រោមផ្អឹបការងារនេះមួយរយៈ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖ ការងាកមកអាជីពសិល្បៈជាថ្មីរបស់អ្នកនាង ខ្ញុង នាពេលនេះ គឺនាងមិនបានចេញទៅណាឆ្ងាយពីក្រុមកំប្លែងចាស់របស់នាងឡើយ ពោលគឺនាងបានចូលរួមជាថ្មីជាមួយក្រុមកំប្លែងដែលដឹកនាំដោយលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ។ ជាថ្មីនេះផងដែរ អ្នកនាង ខ្ញុង ក៏បានប្តេជ្ញានឹងខិតខំកសាងស្នាដៃក្នុងវិស័យសិល្បៈកំប្លែងរបស់នាងជាថ្មីឡើងវិញ ខណៈពេលទេពកោសល្យរបស់នាងនៅតែទទួលបានការគាំទ្រពីទស្សនិកជននៅឡើយ។
អ្នកនាង ខ្ញុង បានលើកឡើងតាមរយៈសំណេរខ្លីមួយបង្ហោះនៅលើបណ្តាញសង្គមថា «នាងខ្ញុំនឹងខំសាងស្នាដៃសិល្បៈកំប្លែងឡើងវិញ សុំកម្លាំងចិត្តម្នាក់មួយមកបងប្អូន»។ តាមការបញ្ជាក់នេះ គេសង្កេតឃើញមានមហាជន ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើនបានចូលទៅខំមិន ដោយម្នាក់ៗបានសម្តែងការគាំទ្រ និងលើកសរសើរពីទេពកោសល្យរបស់នាងផងដែរ។
ក្រោយរងបណ្តឹងយ៉ាងចាក់ស្រេះពាក់ព័ន្ធបំណុលនឹងរាប់សិបម៉ឺនដុល្លារកាលពីពេលកន្លងទៅ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានសម្រេចឈប់ពីអាជីពសិល្បៈទាំងស្រុង។ មូលហេតុសំខាន់ ដែលធ្វើអោយនាងសម្រេចមិនអាចប្រឡូកអាជីពសិល្បៈបន្តទៀតបាននោះ គឺដោយសារនាងមិនចង់អោយក្រុមកំប្លែងដែលនាងធ្លាប់សម្តែងនោះខូចឈ្មោះ ដោយសារតែនាងរងភាពអាម៉ាស់ ដោយសារបំណុលជុំទិសនោះឡើយ។
ក្រោយពីមានការយោគយល់ពីម្ចាស់បំណុល ខ្ញុង ក៏បានខិតខំតស៊ូរកលុយដោះបំណុលតាមរយៈការ live លក់ផ្អក ប្រហុក ត្រីងៀត និងសម្លៀកបំពាក់តាមអនឡាន។ ហើយកន្លងមក អ្នកនាង ខ្ញុង ក៏ធ្លាប់លើកឡើងថា ក្រោយនាងចាកចេញពីអាជីពសិល្បៈនោះ មេក្រុមរបស់នាងគឺលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ តែងតែសួរនាំនាង និងមានបំណងចង់អោយនាងចូលកំប្លែងជាថ្មីឡើងវិញផងដែរ។ ប៉ុន្តែអំឡុងពេលនោះ នាងតែងតែបដិសេធ ដោយសារនាងមិនចង់នាំអោយខូចឈ្មោះស្ថាប័ន និងក្រុមកំប្លែងដែលនាងធ្លាប់ជ្រកកោននោះឡើយ។ ទោះជាយ៉ាងណា ការសម្រេចចិត្តចូលមកអាជីពកំប្លែងជាថ្មីឡើងវិញពីអ្នកនាង ខ្ញុង នាពេលនេះ គេរំពឹងថា រូបនាងនឹងនៅតែទទួលការគាំទ្រដដែលពីសំណាក់ទស្សនិកជន៕

អត្ថបទដែលជាប់ទាក់ទង