Banner KNP Detail Top

បង្ក្រាបសាច់ និងផលិតផលពីសត្វស្រស់ បង្កកខូចគុណភាពជាង៤តោន នាំយកទៅបំផ្លាញចោល

បង្ក្រាបសាច់ និងផលិតផលពីសត្វស្រស់ បង្កកខូចគុណភាពជាង៤តោន នាំយកទៅបំផ្លាញចោល

(ភ្នំពេញ)៖ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ង៉ែត ចេក និងលោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបំផ្លាញចោលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សរុបប្រមាណ៤,៦៧០គីឡូក្រាម។
លោកអគ្គនាយករងអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គោលបំណងនៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិ បច្ចេកទេស ពាក់ព័ន្ធនឹង លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។
លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានឲ្យដឹងថា ផលិតផលខូចគុណភាព គ្មានសុវត្ថិភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ។ ផលិតផលទាំងនោះរួមមាន៖
*ជើងជ្រូក ៧០កេស ស្មើនឹង ៧០០គីឡូករាម
*សាច់មាន់បង្កក ០៣បាវ ស្មើនឹង ៧០គីឡូក្រាម
*សត្វជ្រូក និងសាច់ជ្រូកបង្កកចម្រុះ ស្មើនឹង ២,០០០ គីឡូក្រាម
*ជ្រូកបង្កកទាំងមូល ៦០ក្បាល ស្មើ ៩០០ គីឡូក្រាម
*ផលិតផលម្ហូបអាហារចម្រុះខូចគុណភាពដែលដកហូតពីទីផ្សារ ម៉ាត នានាចំនួន ១,០០០ គីឡូក្រាម។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតលេខ៤៣៨ សហវ.គសហ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើចូលរួមសហការអនុវត្ត វិធានការត្រួតនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់ និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យ នៃជម្ងឺឆ្លងផ្សេងៗ លោក ផាន អូន បានដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដានស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរព និងអនុវត្តនូវលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង