មេការសំណង់របស់ពួកគេ មិនព្រមបើកប្រាក់ឈ្មួលតាមកិច្ចសន្យា ហើយថែមទាំងវេចប្រាក់ឈ្នួលរបស់គាត់ជាង៥,០០០ដុល្លារ រត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យកម្មករ ពួកគាត់ដេកដាច់បាយ ដាច់ទឹក
មេការសំណង់របស់ពួកគេ មិនព្រមបើកប្រាក់ឈ្មួលតាមកិច្ចសន្យា ហើយថែមទាំងវេចប្រាក់ឈ្នួលរបស់គាត់ជាង៥,០០០ដុល្លារ រត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យកម្មករ ពួកគាត់ដេកដាច់បាយ ដាច់ទឹក
ខេត្តបាត់ដំបង ៖ នេះបើតាមក្រុមកម្មករសំណង់ បានប្រាប់នៅរសៀលថ្ងៃទី ១០ កុម្ភៈ ឆ្នំា២០២៣ នេះ ខណៈពេលពួកកំពុងប្រមូលផ្ដុំគ្នានៅកន្លែងធ្វើការ រង់ចាំអាជ្ញាធរជួយរកដំណោះស្រាយជាថ្មី។
ក្រុមកម្មករសំណង់ប្រុស-ស្រីចំនួន១៣នាក់ បាននិងកំពុងជ្រូលច្របល់ដោយសារគ្មានប្រាក់ទិញស្បៀងអាហារហូបប្រចាំថ្ងៃ ក្រោយពីមេការសំណង់របស់ពួកគេមិនព្រមបើកប្រាក់ឈ្មួលតាមកិច្ចសន្យា ហើយថែមទាំងវេចប្រាក់ឈ្នួលរបស់គាត់ជាង៥,០០០ដុល្លារ រត់គេចខ្លួនបាត់ស្រមោលឈឹងទៀត ។
កម្មករសំណង់ម្នាក់ បានថ្លែងប្រាប់ថា ក្រុមជាងពួកគាត់ចំនួន១៣នាក់មកពីខេត្តផ្សេងៗគ្នា មកធ្វើការងារសំណង់ផ្នែក រៀបការ៉ូ នៅក្នុងសំណង់ផ្ទះល្វែង ម្ដុំខាងជើងផ្សារទំនើប «ភូពុយ» ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។ ក្រុមការងាររបស់លោកជំនាញរៀបឥដ្ឋការ៉ូ ដែលតំលៃឈ្នួលគិតជាការ៉េម៉ៅការពីមេការម្នាក់ ឈ្មោះ សន ចំរ៉ុង ។ លោក ពឿន ភាណា បានបញ្ជាក់ថា ក្រុមកម្មកររបស់លោកទាំង១៣នាក់ បានធ្វើការគិតប្រាក់ឈ្នួលពីមេការឈ្មោះ សន ចំរ៉ុង នេះ ដែលមេការនេះម៉ៅការងារនេះ បន្តមកពីក្រុមហ៊ុនសាងសង់មួយនៅក្នុងសំណង់ផ្ទះល្វែងខាងលើនេះ ។
ប៉ុន្តែចាប់តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ នៃការចាប់ផ្ដើមធ្វើការងារ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ នេះ មេការឈ្មោះសន ចំរ៉ុង នេះទើបបើកប្រាក់ឈ្នួលឲ្យកម្មករពួកគាត់បានប្រហែល១០% ប៉ុណ្ណោះ ក្នុងចំនួនប្រាក់ឈ្នូលសរុបប្រហែលជាង៥,០០០ដុល្លារ ដែលពួកគាត់ត្រូវទទូលបាន ក្នុងរយៈពេលជាង៣ខែកន្លងទៅនេះ។ ក្រុមកម្មករសំណង់នេះ បានរំលឹកថា កាលចាប់ផ្ដើមធ្វើការងារខែដំបូង (ខែវិច្ឆិកា ឆ្នាំ២០២២) មេការសំណង់ឈ្មោះ សន ចុះរ៉ុង បានបើកប្រាក់ឈ្នូលឲ្យកម្មករជាបន្តបន្ទាប់ទោះតិចក្ដី ច្រើនក្ដី (របៀបខ្ចីមុន) តែខែបន្តបន្ទាប់ ស្រាប់តែមេការរូបនេះ ចាប់ផ្ដើមកាត់បន្ថយការបើកប្រាក់ រហូតចូលដល់ខែមករា ឆ្នាំ២០២៣ មេការរូបនេះគេចវែសមិនបើកប្រាក់ឈ្នូលឲ្យពួកគាត់ទាំងស្រុងតែម្ដង។
ពួកគេបានបញ្ជាក់ថា ដោយសារតែមេការរូបនេះ គេចវែសមិនបើកប្រាក់ឈ្នូលឲ្យកម្មករ ធ្វើឲ្យពួកគាត់ដេកដាច់បាយ ដាច់ទឹក ។ ព្រោះគ្មានប្រាក់ទិញស្បៀងអាហារហូបប្រចាំថ្ងៃ រហូតស៊ូទ្រាំមិនបាន ក៏នាំគ្នាទៅកាន់សាលាសង្កាត់អូរចា ដើម្បីពឹងពាក់សុំឲ្យលោកចៅសង្កាត់ជួយអន្តរាគមន៍ ហៅមេការសំណង់ឈ្មោះ សន ចំរ៉ុង នេះមកដោះស្រាយសងប្រាក់ឈ្នូលដល់ពួកគាត់ ដែលនៅសល់ប្រហែលជាង៥,០០០ដុល្លារទៀត។
មេការសំណង់ចិត្តមិនស្មោះត្រង់រូបនេះ ឈ្មោះ សន ចំរ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាងសំណង់ រស់នៅភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ។ នៅកិច្ចសន្យា ដែលឈ្មោះ សន ចុះរ៉ុង បានធ្វើឡើងនៅក្នុងសាលាសង្កាត់អូរចា និងនៅចំពោះមុខកម្មករសំណង់ទាំង១៣នាក់ កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៣ មេការសំណង់ចិត្តមិនស្មោះត្រង់រូបនេះ បានសន្យាដូច្នេះថា «ចាប់ពីថ្ងៃទី ២១ មករា ដល់ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបាទ នឹងដោះស្រាយជូនកម្មករដែលខ្ញុំបាទ បានជំពាក់កម្មករចំនួន១៣នាក់ គិតជាថវិកាចំនួន៨,៧៣២,៥០០រៀល និងប្រាក់ដុល្លារចំនួន៣,៧៩០ដុល្លា»។
ក្រោយធ្វើកិច្ចសន្យាមេជាង សន ចំរ៉ុង នេះ មិនទាន់សងប្រាក់ឈ្នួលបានមួយសេនផង ស្រាប់តែជិតដល់ថ្ងៃផុតកំណត់សង់ប្រាក់ មេជាងរូបនេះវេចប្រាក់ ដាក់មេប្រូចបាត់ស្ងាត់ឈឹងរហូតដល់ពេលនេះ ធ្វើឲ្យក្រុមកម្មករទាំង១៣នាក់ ដេកដាច់បាយក្រហាយទឹកកាន់តែធ្ងន់ធ្ងរទ្វេដងសំងំនៅតែក្នុងអគារសំណង់ ចង់ទៅណាក៏មិនកើត។ ប៉ុន្តែនៅក្នុងកិច្ចសន្យាឃ្លាចុងក្រោយ មេការសំណង់រូបនេះបានសន្យាយ៉ាងជាក់លាក់ថា «ខ្ញុំបាទ សូមទទូលខុសត្រូវចំពោះមុខច្បាប់ បើខ្ញុំបាទ មិនអនុវត្តតាមកិច្ចសន្យាខាងលើនេះ»។
កម្មករសំណង់ បានត្អូញត្អែរថា ពេលនេះ ពួកគាត់គ្មានប្រាក់សម្រាប់ទិញស្បៀងអាហារហូបទេ សូម្បីប្រាក់មួយសេនផ្ញើទៅប្រពន្ធកូននៅឯស្រុកកំណើតក៏គ្មានដែរ។ ព្រោះមេការឈ្មោះ សន ចំរ៉ុង បានរត់គេចខ្លួនដោយមិនព្រមសងប្រាក់ថ្លៃឈ្នូលឲ្យពួកគាត់ឡើយ។ គាត់បានបញ្ជាក់ថា មេការឈ្មោះ សន ចំរ៉ុង បានរត់គេចខ្លួនពីការទទូលខុសត្រូវ សងប្រាក់ឈ្នូលដល់ពួកគាត់ ប្រហែល៥ថ្ងៃ មុនកិច្ចសន្យា ផុតថ្ងៃកំណត់។ ពេលនេះ ពួកគាត់មិនអាចទំនាក់ទំនងទៅមេការរូបនេះបានទេ។
ដូច្នេះហើយ ទើបពួកគាត់សុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៏ជាថ្មី ទៅមេការឈ្មោះ សន ចំរ៉ុង នេះឲ្យចូលមកដល់ស្រាយបំណុល(ប្រាក់ឈ្នូល) ។ ព្រោះពេលនេះ ពួកគាត់ម្នាក់ៗ គ្មានប្រាក់មួយសេនសម្រាប់ទិញអាហារចម្អែតក្រពះទេ សូម្បីទឹកប្រើប្រាសនៅកន្លែងធ្វើការក៏ត្រូវគេផ្ដាច់មិនឲ្យប្រើដែរ។ ពេលនេះ ពួកគាត់ដើរសុំទឹកគេប្រើទេ តែភ្លើងអគ្គិសនីនៅអាចប្រើបាន។ បើតាមក្រុមកម្មករបានប្រាប់ថា ពួកគាត់ទាំង១៣នាក់មកពីតាមបណ្ដាខេត្តផ្សេងៗគ្នា ៕