Banner KNP Detail Top

តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ និងលោកគ្រូអាគ្គីនេត្រ បានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញា បង្កការភ្ញាក់ផ្អើល

 

ភ្នំពេញ ៖ ស្ងាត់ៗ តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ និងលោកគ្រូអាគ្គីនេត្រ បានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាមួយ ដែលបង្កើតជាការភ្ញាក់ផ្អើលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងភ្លូកទឹកភ្លូកដី ព្រោះតែសម្រស់របស់អ្នកទាំងពីរ ប្រែប្រួលមួយទំហឹងមើលសឹងតែមិនស្គាល់ នៅក្នុងរូបភាពតុបតែងកាយជាមនុស្សស្រី លាបក្រែបផាត់ម្ស៉ៅ បញ្ចេញសម្រស់យ៉ាងផូរផង់។
អ្នកទាំងពីរ ទាំង កក្កដា សុភ័ណ្ឌ និងលោកគ្រូ អាគ្គីនេត្រ ដាក់ពាក្យចូលរួមការប្រកួតកម្មវិធីប្រកួតសម្រស់នេះ គឺបានធ្វើអោយមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានសម្តែងនូវការហួសចិត្តជាខ្លាំង ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានប្រើប្រាស់បណ្តាញសង្គមខ្លះបានចូលរួមគាំទ្រ និងចូលរួមអបអរសាទរជុំវិញការប្រកួតមួយនេះផងដែរ។


កម្មវិធីប្រកួតសម្រស់ Miss Queen Cambodia 2023 ដែលតារាអ្នកស្រឡាញ់ភេទដូចគ្នា នឹងចូលរួមប្រកួត មិនត្រឹមតែឃោសនាអំពីការប្រកួតទេ តែថែមទាំងបញ្ចេញសារជម្រុញលើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើសុំសង្គមឱ្យ ចូលរួមលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គម ថែមទៀតផង។
នៅពេលសាកសួរថា តើនាង កក្កដា សុភ័ណ្ឌ មានសង្ឃឹមយកឈ្នះការប្រកួតសម្រស់នេះកម្រិតណាដែរ?
កក្កដា សុភ័ណ្ឌ បានបន្ថែមថា អារម្មណ៍របស់ខ្លួនពេលនេះ ពិតជាពិបាកនឹងបរិយាយណាស់ ដោយនៅក្នុងការប្រកួត គឺមានបេក្ខភាពច្រើន ដូច្នេះតារារូបនេះអាចសង្ឃឹមតែ៥០ភាគរយតែប៉ុណ្ណោះ ដោយមូលហេតុមានបេក្ខជនច្រើនគួរសម ជាពិសេសពួកគេសុទ្ធសឹងតែជាបេក្ខភាពដែលខ្លាំងៗពោរពេញដោយសមត្ថភាពរៀងៗខ្លួន។
ងាកមកមើល លោក គ្រូ អាគ្គីនេត្រ វិញ បានអោយដឹងថា ទាក់ទងជាមួយការប្រកួតកម្មវិធីប្រកួតសម្រស់មួយនេះ លោកក៏មានក្តីសង្ឃឹមមិនខុសពីគ្នាប៉ុន្មាននោះដែរ ដោយលោកមានសង្ឃឹម៥០លើ៥០ ព្រោះតារារូបនេះគិតថាមានបេក្ខភាពជាច្រើនដែលមានសមត្ថភាពច្រើន ហើយសម្រាប់លោកផ្ទាល់ លោកក៏ពុំធ្លាប់មានសម្ថភាព ក៏ដូចជាបទពិសោធន៍ទាក់ទងជាមួយការប្រកួតមួយនេះនោះឡើយ ដោយហេតុតែលោកស្រឡាញ់ ទើបលោកសម្រេចចិត្តដាក់ពាក្យប្រកួតតែម្តង។


តារាវ័យ២៧ឆ្នាំ អាគ្គីនេត្រ រូបនេះបានបន្តថា ទោះបីជាខ្លួនលោកពុំសូវមានទំនុកចិត្តខ្ពស់ក៏ដោយ ក៏លោកនឹងយកសមត្ថភាព ក៏ដូចជាទេពកោសល្យដែលខ្លួនមានទាំងអស់ទៅបញ្ចេញនៅក្នុងកម្មវិធីមួយនេះ។ បើទាក់ទងជាមួយប្រាក់រង្វាន់វិញ ប្រសិនបើខ្លួនលោកអាចទទួលបានពិតមែន នោះលោកក៏យកប្រាក់រង្វាន់សម្រាប់ការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ចាស់ជរាដែលមានជួយការខ្វះខាត ទីទាល់ក្រជាដើម។
ជាចុងក្រោយ តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ និងលោកគ្រូ អាគ្គីនេត្រ ដែលមានឈ្មោះ វ៉ាន់ សុខសីហា ក៏បានផ្តាំផ្ញើអរគុណសម្រាប់មហាជនទាំងអស់គ្នាថា រាល់ការរិះគន់ និងការវែកញែករបស់មហាជន ដែលបានធ្វើអោយខ្លួនមានភាពល្បាញល្បី និងមានគេឯងស្គាល់ច្រើនដូច្នេះ៕

អត្ថបទដែលជាប់ទាក់ទង