Banner KNP Detail Top

ទំនាស់តិចតួចសោះ អ្នកលក់បង្អែម ប្តឹងទៅ គណកម្មាការផ្សារកំពង់ស្ពឺ ប្រុងកាត់តូបអ្នកលក់ចេកទាំងបំពាន

ទំនាស់តិចតួចសោះ អ្នកលក់បង្អែម ប្តឹងទៅ គណកម្មាការផ្សារកំពង់ស្ពឺ ប្រុងកាត់តូបអ្នកលក់ចេកទាំងបំពាន

កំពង់ស្ពឺ: ទាស់ពាក្យសម្តីតិចតួចសោះតូបអ្នកលក់បង្អែម បែរជាទៅប្តឹងគណកម្មាការផ្សារកំពង់ស្ពឺ ប្រុងមកកាត់តូបលក់ចេកដែលនៅជាប់គ្នាទាំងបំពាន ហើយចោទថា ម្ចាស់តូបលក់ចេករំលោភយកផ្លូវសាធារណៈទៅវិញ ខណៈដែលម្ចាស់តូបលក់ចេកមានឯកសារផ្ទេរសិទ្ធិត្រឹមត្រូវ និងមានការទទួលស្គាល់ពីប្រធានផ្សារកំពង់ស្ពឺចាស់ថែមទៀតផង។

អ្នកស្រី មុី ងឺម អាយុ៦៤ឆ្នាំ មុខរបរ លក់ចេក រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ទំនាស់របស់គាត់ជាមួយ អ្នកលក់បង្អែមនេះយូរឆ្នាំមកហើយ ដោយគេចោទអ្នកស្រីថា បានធ្វើតូបរំលោភយកផ្លូវសាធារណៈទៅវិញ ខណៈដែលតូបរបស់អ្នកស្រីមានទទឹង១.៨៥សង់ទីម៉ែត្រ បណ្តោយ៤ម៉ែត្រ មានលិខិតស្នាមត្រឹមត្រូវ មានការចុះហត្ថលេខា ទទួលស្គាល់ពីលោក អ៊ុ ត្រៃ ប្រធានផ្សារកំពង់ស្ពឺចាស់ថែមទៀតផង។ អ្វីដែលអ្នកស្រីហួសចិត្តនោះ ការលក់ដូររាល់ថ្ងៃមិនមានផលរមាស់ជាមួយអ្នកណានោះឡើយ ទើបតែនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ឃើញគណៈកម្មាការផ្សារកំពង់ស្ពឺ ដែលដឹកនាំដោយលោក ឌុច វណ្ណៈ ប្រធានផ្សារកំពង់ស្ពឺថ្មី ព្រមទាំងសមាជិកជាច្រើនមកប្រុងកាត់តូបរបស់គាត់ទៅវិញ អ្នកស្រីមិនព្រមឱ្យកាត់ជាដាច់ខាត ដោយសំអាងថា តូបលក់ដូររបស់គាត់មានកម្មសិទ្ធិត្រឹមត្រូវ ហើយអ្នកស្រីបានសាងសង់មិនបានប៉ះពាល់ដល់ផ្លូវសាធារណៈអ្វីនោះទេ ហើយក៏មិនប៉ះពាល់បុគ្គលណាដែរ។

ដោយឡែក អ្នកស្រី ស្រីនាង អាយុ ៤០ឆ្នាំ មុខរបរលក់ចេក (ត្រូវជាកូនបង្កើតរបស់អ្នកស្រី មុី ងឺម) រស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថា អ្នកស្រីមានការងឿងឆ្ងល់ថា ហេតុអ្វីប្រធានផ្សារកំពង់ស្ពឺថ្មី លោក ឌុច វណ្ណៈ ដឹកនាំមន្ត្រីក្រោមឱវាទមកដល់តូបលក់ដូររបស់គាត់បម្រុងកាត់តែម្តង ព្រមក៏កាត់ មិនព្រមក៏កាត់ គាត់មិនយល់សោះ ដឹងតែពីកាត់ យកមតិភាគច្រើន មិនមើលក្រដាស់ស្នាមអ្វីដែលគាត់ និងម្តាយគាត់មាននោះទេ។ អ្នកស្រី ស្រីនាង បានបន្តទៀតថា ក្នុងនាមប្រធានផ្សារមួយរូបធ្វើការលំអៀង មិនគិតគូរសិន ហើយអ្នកប្តឹងម្តាយរបស់គាត់មានចំនួន៤២នាក់មានស្នាម ផ្តិតមេដៃថែមទៀតផង។ អ្នកស្រីសំណូមពរដល់គណៈកម្មាការផ្សារកំពង់ស្ពឺ ប្រសិនបើមានស្នាមមេដៃប្តឹងម្តាយរបស់អ្នកស្រីមែននោះសូមឱ្យ ម្ចាស់មេដៃទាំង៤២នាក់នោះ ទៅជួបនិយាយគ្នាផ្ទាល់នៅឯសាលាក្រុងច្បារមន ថាតើម្តាយរបស់អ្នកស្រីបានរំលោភយកផ្លូវសាធារណៈមែនឬអត់។

ជាចុងក្រោយអ្នកស្រីសូមឱ្យប្រធានផ្សារកំពង់ស្ពឺថ្មី និងលោកអភិបាលក្រុងច្បារមន ដែលជាអ្នកច្បាប់ជួយរកយុត្តិធម៌ឱ្យអ្នកស្រីផង និងដើម្បីស្វែងរកមនុស្សចំនួន៤២នាក់ ហើយក៏ចង់ដឹងដែរថា តើម្តាយរបស់គាត់រំលោភយកផ្លូវមែនដែរឬយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង