Banner KNP Detail Top

បំបែកសំណុំរឿង! បង្ក្រាបជនសង្ស័យ ៩នាក់ បញ្ជូនទៅតុលាការ ករណីកាប់សម្លាប់មនុស្ស និងបំផ្លាញម៉ូតូនៅភូមិសាស្ត្រស្រុកសំរោងទង នៅកំពង់ស្ពឺ

បំបែកសំណុំរឿង! បង្ក្រាបជនសង្ស័យ ៩នាក់ បញ្ជូនទៅតុលាការ ករណីកាប់សម្លាប់មនុស្ស និងបំផ្លាញម៉ូតូនៅភូមិសាស្ត្រស្រុកសំរោងទង នៅកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ បំបែកសំណុំរឿង ២ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន៣គ្រឿង, ពាក់ព័ន្ធអំពើឃាតកម្មលើស្ពានគុណគ្រូ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២កន្លងទៅ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងពាក់ព័ន្ធអំពើឃាតកម្មលើស្ពានគុណគ្រូ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២។
បន្ទាប់ពីទទួលជនសង្ស័យ និងសួរនាំលើជនសង្ស័យឈ្មោះ សុត សាវិន បានសារភាពថា ករណីឃាតកម្មនៅលើស្ពានគុណគ្រូកាលពីកំឡុងខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តឡើងដោយមានការចូលរួមពីបក្សពួកចំនួន ៨ទៀត។ ក្រោយទទួលបានចម្លើយសារភាព កម្លាំងជំនាញស្រុកបានបើកប្រតិបត្តិការភ្លាមៗឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបានចំនួន៨នាក់បន្លែមទៀត ក្រោមការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ។


បក្សពួកដែលបានឃាត់ខ្លួនទាំង ៨នាក់រួមមាន៖
ទី១៖ ឈ្មោះ ចេង សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង (ពាក់ព័ន្ធករណីឃាតកម្មលើស្ពានគុណគ្រូ),
ទី២៖ ឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង (ពាក់ព័ន្ធកាប់ម៉ូតូ)
ទី៣៖ ឈ្មោះ ពុទ្ធា រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃកន្ទ្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង (ពាក់ព័ន្ធឃាតកម្មលើស្ពានគុណគ្រូ)
ទី៤៖ ឈ្មោះគឿន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល (ករណីកាប់ម៉ូតូ)
ទី៥៖ ឈ្មោះ ណាក់ និត ហៅឌិត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល(កាប់ម៉ូតូ),
ទី៦៖ ឈ្មោះ សាត ប្រុសពៅ ហៅកុង អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល (កាប់ម៉ូតូ)
ទី៧៖ ឈ្មោះ សាំង វិសាល ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល (កាប់ម៉ូតូ) និងទី៨៖ ឈ្មោះ រី វាសនា ហៅស្នា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃកន្ត្រា ឃុំរលាំងកែន (ករណីឃាតកម្មលើស្ពានគុណគ្រូ)។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ៣គ្រឿង កាំបិតផ្គាក់២ និងទូរស័ព្ទ ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់ ត្រូវបានអយ្យការសាលាដំបូងសម្រេចឃុំខ្លួនដាក់ពន្ធគារបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង