ម្ចាស់ផ្ទះជាប់រវល់ទៅឯចំការ ដោយទុកភ្លើងចង្ក្រានចោលមិនពន្លត់ ហើយក៏ត្រូវអណ្ដាតភ្លើងលេបត្របាក់ឆេះហ្មត់
ម្ចាស់ផ្ទះជាប់រវល់ទៅឯចំការ ដោយទុកភ្លើងចង្ក្រានចោលមិនពន្លត់ ហើយក៏ត្រូវអណ្ដាតភ្លើងលេបត្របាក់ឆេះហ្មត់
ខេត្ត ឧត្តរមានជ័យ ៖ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ លំនៅដ្ឋានមួយខ្នង ដែលមានទំហំ៤ម៉ែត្រx៥ម៉ែត្រ ដំបូលប្រក់ស័ង្គសីជញ្ជាំងក្តារ ក្រាលក្តារ ខណៈម្ចាស់ផ្ទះជាប់រវល់ទៅឯចំការ ដោយទុកភ្លើងចង្ក្រានចោលមិនពន្លត់ ហើយក៏ត្រូវអណ្ដាតភ្លើងលេបត្របាក់ឆេះហ្មត់តែម្តង ស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ មេង មិត្ត ភេទប្រុស អាយុ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ បែន អូនអាយុ៦៩ឆ្នាំ និងមានកូន៨នាក់ ក្នុងនោះស្រី២នាក់ ដោយមានប្តីប្រពន្ធអស់៧នាក់ នៅក្នុងបន្ទុកកូនប្រុសម្នាក់ និងចៅ២នាក់ រស់នៅជាមួយគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ រូបគាត់ទាំង២នាក់ប្តីប្រពន្ធនៅពេលព្រឹកបាននាំគ្នាដាំបាយ និងវេចខ្ចប់ទៅឯចម្ការ លុះពេលវិលត្រឡប់មកពីចម្ការវិញ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះលំនៅឋាន និងទ្រព្យសម្បត្តិដូចជា គោយន្តកន្ត្រៃមួយគ្រឿង, ស្រូវចំនួន១០ការុង, អាគុយ២, សូឡា១ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនផងដែរ គឺឆេះខ្ទេចគ្មានសល់។
ទាក់ទិនទៅនឹងអគ្គីភ័យឆាបឆេះលំនៅដ្ឋានខាងលើនេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រោយពីអគ្គិភ័យឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការក្រោមឱវាទនាំយកអំណោយរួមមាន ៖ អង្ករ២ការុង ស្មើ១០០គីឡូក្រាម, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, មី២កេស, ស័ង្គសីចំនួន២០សន្លឹក ជូនដល់ដៃជនរងគ្រោះដោយសារអគ្គិភ័យឆាបឆេះលំនៅដ្ឋាន ៕