បញ្ជូនខ្លួនជនសង្ស័យ ឆក់មិនរើសមុខ ទៅសាលាដំបូង ខេត្តព្រះសីហនុ
បញ្ជូនខ្លួនជនសង្ស័យ ឆក់មិនរើសមុខ ទៅសាលាដំបូង ខេត្តព្រះសីហនុ
ព្រះសីហនុៈ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ឆក់មិនរើសមុខ ចំនួន ១៨ នាក់ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យពាក់ព័ន្ធករណី ឆក់មិនរើសមុខ ចំនួន ១៨ នាក់ ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីច្បាប់ ក្នុងចំណោម ១៨ នាក់ នោះមាន ២ នាក់ ជាអ្នកទទួលផលចោរកម្ម និង ១៦ នាក់ ជាជនសកម្ម ឆក់មិនរើសមុខ នៅតាមដងផ្លូវ សាធារណៈ ក្នុងខេត្តព្រះសីហនុ។
ជនសង្ស័យទាំងអស់ សុទ្ធតែជាយុវជន។ ពួកគេបានរៀបចំឲ្យមានជាក្រុម ជិះម៉ូតូល្បាតតាមដងផ្លូវ ពាសពេញទីក្រុង ក៏ដូចជា តំបន់ផ្សេងៗ ពេលចេញដំណើរ ពួកគេប្រទះអីឆក់ហ្នឹងហើយ មិនថាជាជនបរទេស ឫពលរដ្ឋកម្ពុជាយើងទេ និយាយឲ្យចំ គឺឆក់មិនរើសមុខតែម្តង។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្តេជ្ញាបើកការស្រាវជ្រាវ ប្រមូលបក្ខពួកក្រុមនេះ និងក្រុមផ្សេងៗទៀត យកមកផ្តន្ទាទោស ឲ្យខាងតែបាន ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ, អន្តរជាតិ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មើលចុះ ក្មួយ សុទ្ធតែជា យុវវ័យ ខ្លះមានការងារធ្វើហើយ នៅតែធ្វើសកម្មភាព ដែលសង្គមស្អប់ខ្ពើមទៀត យើងគួរតែជួយរក្សាសុវត្ថិភាព ជូនភ្ញៀវជាតិ, អន្តរជាតិ មានសេចក្តីសុខសាន្ត ធ្វើឲ្យទីក្រុង ព្រះសីហនុ មានមុខមាត់ លើឆាកអន្តរជាតិ ជៀសវាងធ្វើឲ្យមានការភិតភ័យ បាត់បង់ ទ្រព្យសម្បត្តិរបស់ភ្ញៀវ ទង្វើអាក្រក់ៗ ពិតជាគេចមិនផុតពីច្បាប់នោះទេ៕