ដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ រវាងម្ចាស់ផ្ទះនិងអ្នកជួល បង្កការភ្ញាក់ផ្អើល
ដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ រវាងម្ចាស់ផ្ទះនិងអ្នកជួល បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ហេតុការណ៍ជម្លោះនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវបេតុង ស្ថិតក្នុងភូមិផ្សារទឹកថ្លា (ក្រោយព្រះវិហារព្រះយេស៊ូ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះជួលម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខហៅទៅសាកសួរ បន្ទាប់ពីមានទំនាស់គ្នាជាមួយអ្នកជួលផ្ទះ ហើយអ្នកជួលផ្ទះប្តឹងសមត្ថកិច្ចចោទប្រកាន់ថា ដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់។
នៅមុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះជួលបានទាស់គ្នាជាមួយ នារីដែលជានិស្សិតស្រីម្នាក់ រួមទាំងម្តាយ ។ ការទាស់ទែងគ្នានេះត្រូវគេដឹងថា ដោយសារតែម្ចាស់ផ្ទះខឹងនារីជាអ្នកជួលផ្ទះរូបនោះរើអីវ៉ាន់ចេញពីផ្ទះជួលនោះ ព្រោះតែកន្លែងតូចចង្អៀតសម្រាប់ដាក់ម៉ូតូ។ ការទាស់ទែងគ្នានេះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនារីដែលជានិស្សិតមកជួលផ្ទះស្នាក់នៅក៏បានប្តឹងទៅសមត្ថកិច្ចចោទប្រកាន់ថា ម្ចាស់ផ្ទះដកកាំភ្លើងខ្លីគំរាមសម្លាប់ ចំណែកលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ រួមទាំងលោកវរសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងទៅអន្តរាគមន៍ ភ្លាមៗនិងបាន អញ្ជើញភាគីទាំង២មកសាកសួរ ។
ស្ត្រីម្នាក់ដែលជាម្តាយនិស្សិតដែលមកជួលផ្ទះស្នាក់នៅនេះ បានអោយដឹងថា គាត់ត្រូវបានកូនស្រីហៅមកពីស្រុកអោយមកជួយរើអីវ៉ាន់ចេញពីផ្ទះជួយនេះ នៅពេលកំពុងតែ រើអីវ៉ាន់ ស្រាប់តែម្ចាស់ជួលមករករឿងជេរប្រមាថ និងដាក់ទំនាយថា ចេញទៅ ឱ្យរថយន្តបុកស្លាប់ ក៏កើតទៅជាទំនាស់គ្នាបែកផ្សេង ហើយម្ចាស់ផ្ទះបានគំរាមកំហែង ទើបប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ ។
សមត្ថកិច្ចទទួលបានព័ត៌មានថា មានការដកកាំភ្លើងភ្ជង់គំរាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយសាកសួរបំភ្លឺ និងបានអញ្ជើញ ភាគីទាំង២មកសួរនាំ ប៉ុន្តែពុំមានការដកកាំភ្លើងគំរាមនោះទេ ហើយសមត្ថកិច្ចក៏បានសម្របសម្រួលគ្នា ហើយអោយភាគីទាំង២ត្រឡប់ទៅវិញ ៕