សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវការទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងនាមជាប្រធានាធិបតីទី១របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកធ្វើទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលដោះមីន អ្វីដែលឯកឧត្តម បានឃើញគឺការដោះមីននោះ គឺបានជួយដល់ជីវិតប្រជាជន, សម្អាតមីនឲ្យប្រជាជនបានវិលត្រឡប់ទៅរស់នៅ និងធ្វើការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់ លើវិស័យដោះមីន គឺមានអត្ថន័យណាស់ និងត្រឹមត្រូវណាស់។
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោដែរថា ឯកឧត្តម បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជាហើយដែលនឹងកំពុងត្រូវការការថែរក្សា។ ឯកឧត្តម បានសម្ដែងនូវការរីករាយពេញចិត្តជាមួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត ។
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ ពីការរីករាលដាល និងបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេស ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយក៏ដោយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។
សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រធានាធិបតី អំពីស្ថានភាពនៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះបង្ករបញ្ហាដល់ជនស្លូតត្រង់។
ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។
សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕