បង្ក្រាបឈើ ក្នុងទីលានប្រណាំងរថយន្ត នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានរឹបអូសយករថយន្តបាកុង ចំនួន ២ គ្រឿង
បង្ក្រាបឈើ ក្នុងទីលានប្រណាំងរថយន្ត នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានរឹបអូសយករថយន្តបាកុង ចំនួន ២ គ្រឿង
មណ្ឌលគិរី ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមត្ថកិច្ច មន្ត្រីរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបឈើ ក្នុងទីលានប្រណាំងរថយន្ត Off-Road នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានរឹបអូសយករថយន្តបាកុង ចំនួន ២ គ្រឿង ម៉ូតូមួយគ្រឿង ឈើជាច្រើនម៉ែត្រគូប យកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
នៅពេលសមត្ថកិច្ចចម្រុះ ឆ្មក់ទៅបង្ក្រាបទីតាំងនេះ គេឃើញតែឈើអារកាត់ជាកង់វែងៗ មូលៗ នៅរាយប៉ាយ ជាច្រើនម៉ែត្រគូប រួមទាំងរថយន្តបាកុង ២ គ្រឿង និងម៉ូតូ ១ គ្រឿងតែប៉ុណ្ណោះ។ ចំណែកជនល្មើស បានរត់គេចខ្លួនចូលព្រៃអស់។
កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌលគិរី គឺជាអ្នកដឹកនាំចុះបង្ក្រាប។
ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើ ខុសច្បាប់នេះ គឺមេឈ្មួញឈើចាស់វស្សាម្នាក់ ជាមួយម្ចាស់ទីតាំង ដើម្បីអារជ្រៀក ដឹកឈឺ ដោយលួចលាក់ ចេញទៅខាងក្រៅ។
ក្រោយការត្រួតពិនិត្យវត្ថុតាងទាំងអស់ មន្ត្រីជំនាញ បានដឹកជញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី និងកសាង សំណុំរឿង ទៅតុលាការ ៕/