ទីបំផុត! មនុស្ស២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងស្តុបឈើ ដ៏ធំសម្បើមមួយកន្លែង នៅទីតាំង
ទីបំផុត! មនុស្ស២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងស្តុបឈើ ដ៏ធំសម្បើមមួយកន្លែង នៅទីតាំងប្រណាំងរថយន្ត១២ម៉ូតូផាត ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់ខេត្តដឹកនាំដោយលោកព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យ ស្រាវជ្រាវ រកឃើញបទល្មើសប្រមូលផល អនុផលព្រៃឈើ ជិតក្រុមហ៊ុន១២ Motor Park និងក្នុងបរិវេណក្រុមហ៊ុន១២ Motor Park ។
មន្ត្រីជំនាញបានរកឃើញឈើអារចម្រុះប្រភេទ និងគល់ឈើ ចំនួន៣ទីតាំង។ ដោយទីតាំងទី១- គល់ឈើជាច្រើនត្រូវបានគេកាត់យកដើមក្នុងព្រៃ នៅចំណុចនិយាមការលេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅបរិវេណក្រុមហ៊ុន១២ Motor Park ដោយឃើញមានស្នាមដានឡានប៉ាកុង ដឹកចូលគំនរទីតាំងស្តុកឈើដែលក្រុមការងារបានចាប់ឃាត់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចូលក្នុងរបងក្រុមហ៊ុន១២ motor park។
ទីតាំងទី២- មន្ត្រីជំនាញរកឃើញឈើអារប្រភេទលេខ១ ចំនួន៣១២សន្លឹក ស្មើនឹងជាង១១ម៉ែត្រគូប (បានកែឆ្នៃជាតុ) ឈើអារប្រភេទលេខ១ ចំនួន៤២សន្លឹក ស្មើនឹងជាង១ម៉ែត្រគូប(ឈើសន្និធិ) កៅអីតុក្កតាមុខកាត់០.៣០ម៉ែត្រ កម្ពស់០.៥០ម៉ែត្រ ចំនួន១៣០កំណាត់។ ឈើដែលបានរកឃើញទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។
ទីតាំង៣- រកឃើញឈើអារប្រភេទលេខ១ ចំនួន៧៣៦សន្លឹក ស្មើនឹងជាង៧ម៉ែត្រគូប(ឈើសន្និធិ) និងបានយកទៅកែច្នៃធ្វើជារបងរួចចំនួន៤០០សន្លឹក ស្មើនឹង៣ម៉ែត្រគូប នៅចំណុចនិយាមការលេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើដែលបានរកឃើញទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួន២នាក់ នៅចំណុច២ទីតាំងផ្សេងគ្នា ដែលមាននិយាមការលេខទី១ នៅ ១៧៤១៩២៣,១៣៩២៤៣៤ ទី២ នៅចំណុចនិយាមការលេខ៧៤១៩៩២,១៣៩២៥១៧ ។ ដើម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់ព្រៃឈើ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រៅពីទីលានប្រណាំងឡានដែលវាទទីហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ បច្ចុប្បន្នដីព្រៃនៅជិតៗ ក្បែរៗទីលានប្រណាំងឡានកំពុងត្រូវគេដាក់គ្រឿងចក្រឈូសឆាយព្រៃរាប់រយហិកតាយ៉ាងគគ្រឹកគគ្រេង ក្នុងរូបភាពកន្ទេលធំបន្លំដេក។
ជុំវិញករណីនេះ សហគមន៍ជនជាតិដើមភាគតិច បានលើកឡើងថា « យើងខ្ញុំពិតជាគាំទ្រនូវការបង្កើតគម្រោងប្រណាំងរថយន្ត ដើម្បីលើកកម្ពស់ជាតិ ពិសេសសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី តែយើងសង្ឈឹមថា ការអភិវឌ្ឈន៍នឹងមិនមានរូបភាពរំលោភសិទ្ធិ រើសអើងពូជសាសន៍ សាសនាណាមួយរបស់ជនជាតិដើមដែលជាពលរដ្ឋរបស់កម្ពុជា ប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលនយោបាយជាតិ ជាពិសេសឆន្ទៈរបស់សម្តេចតេជោនោះទេ។
យើងខ្ញុំបញ្ជាក់ថា ភ្នំមួយក្នុងតំបន់ប្រណាំរថយន្តនេះ គឺជាភ្នំអារក្ស ដែលមានឈ្មោះថា «អម្រះ (ភ្នំព្រះ)» ដែលជាភ្នំប្រជាសហគមន៍ជនជាតិដើមពូនង ភូមិមេប៉ៃ ធ្លាប់គោរពបូជា ដកហូតអនុផលព្រៃឈើ និងអភិរក្ស ព្រោះវាសម្បូរអនុផលព្រៃឈើ និងសត្វព្រៃ ពិសេសនោះគឺកន្លែងពិសិដ្ឋផងដែរ។
ក្រោយពីមានប្រតិបត្តិការបង្ក្រាបពីកម្លាំងជំនាញ និងប្រតិកម្មជាច្រើនពីមហាជន ម្ចាស់ទីលាន១២ម៉ូតូផាក បានចេញសេចក្តីបំភ្លឺបដិសេធដោយអះអាងថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធក្នុងករណីបទល្មើសព្រៃឈើខាងលើឡើយ៕