លោក ឃួង ស្រេង ៖ ពិធីប្រកាសបញ្ជូលសមាជិក គណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន ១.២០០ នាក់
លោក ឃួង ស្រេង ៖ ពិធីប្រកាសបញ្ជូលសមាជិក គណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន ១.២០០ នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិច្ឆតារបស់សម្តេច ចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងពិធីប្រកាសបញ្ជូលសមាជិក គណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន ១.២០០ នាក់ នៅក្នុងបរិវេណសួនកុមារ បុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ និងបក្សប្រជាជនកម្ពុជា មិនចង់ឱ្យពលរដ្ឋ លំបាកនោះទេ ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរ ជាបន្តបន្ទាប់ ហើយខិតខំសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
លោកបានបញ្ជាក់ថាៈ ចំណូលកម្រិតខ្ពស់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពធូធារ ពោលគឺ អ្នកមានការងារធ្វើ មានប្រាក់ខែខ្ពស់ ដូចអរិយប្រទេស នៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើ ក៏មានប្រាក់ខែ ទ្រទ្រង់សង្គមផងដែរ។
លោក បានបន្តថា ការសម្រេចចិត្តរបស់ក្មួយៗ ពិតជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ហើយគណបក្សប្រជាជន ហ៊ានសន្យា ហ៊ានធ្វើ។ យើងដាច់ខាត ត្រូវការពារសន្តិភាព ឱ្យបានគង់វង់ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេស ឱ្យរីកចំរើនជឿនលឿនបាន។ អាចការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។
លោកសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាស កសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។
លោកស្រី កិត្តិបណ្ឌិត អុឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ខណ្ឌកំបូល ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ដែរថាៈ ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យ ក្រុមការងារចុះមកបំពេញការងារ នៅក្នុងមូលដ្ឋាន ដើម្បីឱ្យគណបក្ស មានភាពរឹងមាំ។
លោកស្រី រំពឹងថាៈ សមាជិកថ្មី នឹងជួយយផ្សព្វផ្យាយ គោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋ បានជឿជាក់ មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់ ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វី ទាំងអស់ កុំថាឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះ ក៏មិនបានផង។ ដូច្នេះយើងត្រូវ រួមគ្នារក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង់។ យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្ម តបតជាមួយ ការមួលបង្កាច់ បង្ខូច គណបក្សយើង ដោយយកការពិត មកបកស្រាយ ដើម្បីបន្សាបព័ត៌មាន អកុសលទាំងអស់នោះវិញ ។ យើងស្រលាញ់គណបក្សប្រជាជន យើងត្រូវការពារឱ្យបានដាច់ខាត ផលប្រយោជន៍របស់គណបក្ស ដោយការពារដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដោរសារយុវជនរបស់យើងសម័យនេះ ពូកែខ្លាំងលើ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។
លោក ឃឹម ស៊ុនសូដា ប្រធានគណៈកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍ អំពីការងារកសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង និងពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន កម្ពុជា ដែលធ្វើឱ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន ។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំឱ្យក្រុមយុវជន ១.២០០ នាក់ ស្ម័គ្រចូល រួមជាសមាជិកបក្ស យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ តំណាងសមាជិកថ្មី ទាំង ១.២០០ នាក់ ក៏បានឡើងមានមតិប្តេជ្ញាចិត្ត ដោយប្តេជ្ញាចិត្តថា នឹងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ពិសេស បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ ៕